(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ឱ្យ​ដឹងថា នៅឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញគោល​នយោ​បាយ និងកញ្ចប់លើកទឹកចិត្តសម្រាប់ការវិនិយោគនៅតាមតំបន់​ព្រំដែន។

សម្តេចមហាបវរធិបតី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយ​ថ្នាក់​ដឹក​នាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋាននាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និង​ថ្លែង​អំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋានកម្ពុជា​ ដែលបានចូលរួម​បរិច្ចាគថវិកាក្នុង​មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្តោតលេី​ការកសាងផ្លូវក្រវាត់ព្រំដែន​នាពេល​កន្លងមក។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់​ព្រំដែន​នេះ​ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាព​ទឹក​ដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាត​ឱ្យ​កូន​ខ្មែរគ្រប់​ជំនាន់​បានធ្វើដំណើរដល់ព្រំដែន​ដែលមិនធ្លាប់បានធ្វើដំណើរ​ទៅដល់​ពីមុន។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទៀតថា រាជរដ្ឋា​ភិ​បាល​​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការពារ​បូរណភាព​ទឹកដី​ និងអធិបតេយ្យជាតិ​មិនឱ្យបាត់បង់​ សម្រាប់​កូន​ចៅគ្រប់ជំនាន់​ទៅថ្ងៃអនាគត និងបានដាក់ទិស​ដៅ​ប្រែក្លាយ និងអភិវឌ្ឍន៍តំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំង​ប្រទេស​និយាយ​ជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជា​ព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សា​ហកម្ម​។

សម្ដេចមហាបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ ស្វែងរកឱកាស​ និង​លទ្ធភាពបណ្ដាក់ទុនឱ្យបាន​ច្រេីនបន្ថែមទៀតនៅ​តំបន់​ទាំងនោះ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រ បានសង្កត់ធ្ងន់ថា នៅ​ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​ ជាពិសេស​ការវិនិយោគលេី​វិស័យ​កសិ-ឧស្សាហកម្ម​។

សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា​ ជាមួយការប្តេជ្ញាចិត្ត​ ក្នុងការសម្រេចឱ្យបានតាម​ផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ដោយ​ផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការ​ចូលរួមដោយស្ម័គ្រ​ចិត្តរបស់​ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុស​ពីប្រជាពលរដ្ឋ​សរុប​ជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារ​អាមេរិក។

ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវ​ខ្សែ​ក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្ត​មណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែង​សរុប ១០២,៤៨គីឡូម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់​មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដី​ជាច្រើន​ផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោស​សម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡា​ផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្ប​ការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការ​ដ្ឋានជាផ្លូវ​ការ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕