(បាត់ដំបង)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគបាលខេត្ត សហការជាមួយអធិការនគរបាលស្រុកសង្កែ កាលពីម៉ោងជាង ៣រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចុះបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ និងចរាចរផលិតផលសំបកកង់ និងពោះវៀនកង់ ម៉ាក IRC ដែលរំលោភកម្មសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន គង់ នួន គ្រុប ស្ថិតនៅឃ្លាំងមួយកន្លែងក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ប្រាក់ ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្រោមការបញ្ជាពីលោក យី យក់សាន នាយការិយាល័យ និងមានការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំចុះផ្ទាល់ដល់ទីតាំងឃ្លាំងនាំចូល ស្តុក និងចែកចាយខាងលើ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន គង់ នួន គ្រុប ដែលមានលោកមេធាវី ចាប កែវ ជាតំណាង។
តាមរបាយការណ៍ថា ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ និងចរាចរផលិតផល សំបកកង់ និងពោះវៀនកង់ខាងលើ កម្លាំងជំនាញបានរកឃើញពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន២០៦ បេស្មើរ នឹង១,២៣៦០ ពោះវៀន និងសំបកកង់ម៉ាក IRC ចំនួន៥៦សំបក។
ក្រោយពិនិត្យរកឃើញកម្លាំងជំនាញ បានដកហូតវត្ថុតាងខាងលើ នាំយកទៅកាន់ស្នងការនគបាលខេត្តបាត់ដំបង រក្សាទុកបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ចជំនាញ និងបានឃាត់ខ្លួនបុគ្គលិកឃ្លាំងម្នាក់ឈ្មោះ សួង រូហ្សា ជាបុគ្គលិកគ្រប់គ្រងស្តុក មកសាកសួរបំភ្លឺនៅស្នងការនគបាលខេត្តបាត់ដំបង។
សូមបញ្ជាក់ថា កន្លងទៅកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្រ្កាបបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ជាបន្តបន្ទាប់ក្នុងនោះ បានបានឆែកឆេរ និងត្រួតពិនិត្យឃ្លាំងស្តុក និងចែកចាយពូជពោត៤កន្លែង ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរកឃើញពូជពោតម៉ាក Sun Smill 2020 ចំនួនជាង៧៧០ការ៉ុង ដែលរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន Sun Smill Import Export ដោយយកទៅដុតកម្ទេចចោលតាមនិតិវិធីច្បាប់ផងដែរ៕