(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងតួនាទីភារកិច្ច ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះ និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលទាំង២ គោលដៅ គឺតំបន់៤៤ ព្រៃអង់តែន និងតំបន់អូតាព្រហ្ម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចក្នុងរយ:ពេលកន្លងទៅនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ ដោយយើងបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ បានឡើយ។

ជាមួយគ្នានេះ យើងបានរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាន នាពេលកន្លងទៅជាង២,៥០០ហិកតា និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្តែងមួយចំនួនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់  ហើយផ្ទៃដីដែលរឹបអូសបាន យើងការពារមិនឱ្យមានការបាត់បង់ ព្រមទាំងបានដាំស្ដារព្រៃឈើឡើងវិញ បានប្រមាណជាង៥ ម៉ឺនដើមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច និងដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានជាថ្មីទៀតបានជាដាច់ខាត ពិសេសក្នុងរដូវប្រាំងនេះ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលនៅតែបំពានកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន ១៥០ គីឡូក្រាម មីជាតិចំនួន៦កេស ត្រីខកំប៉ុងចំនួន១០យួរ  និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោក នួន ផារ័ត្ន ជូនដល់កងកម្លាំងចម្រុះ ទាំងពីរគោលដៅនៅតំបន់ព្រៃអង់តែនដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ៕