(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ ក្នុងករណីមានការផ្ដល់កម្ចីអនឡាញណាមួយពីជនបរទេស។ អភិបាលខេត្តថ្លែងបែបនេះ ក្រោយនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនជនជាតិឥណ្ឌា៣៧នាក់ ពាក់ព័ន្ធការផ្ដល់កម្ចីខុសច្បាប់នេះ។

អភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។

អភិបាលខេត្តកណ្ដាល បន្តថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញរបស់ជនបរទេស សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួលចៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។

អភិបាលខេត្តកណ្ដាល បានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីអំពើជួញដូរមនុស្ស ដែលបាន និងកំពុងតែរីកដុះដាលពីតំបន់មួយ ទៅ តំបន់មួយ ហើយបាននិងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកម្លាំងពលកម្ម និងបញ្ញាញាណដ៏មានសក្តានុពល ហើយបង្កើតជាបញ្ហាក្នុងសង្គម និងក្លាយជាឧបសគ្គរារាំងដល់គោលដៅអភិវឌ្ឍដ៏មុតស្រួច ដែលកំណត់ ក្នុង ទស្សនវិស័យនៃគោលនយោបាយជាតិបញ្ចកោណ ដំណាក់កាលទី១ របស់ព្រះរាជាណាចក្រកម្ពុជា ។

លោកអភិបាលខេត្ត បន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងការពារប្រជាជនកម្ពុជា និងជនបរទេស ដែលមកស្នាក់ អាស្រ័យ នៅកម្ពុជា ឱ្យមានសុវត្ថិភាព និងរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងបន្តបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ។

ជាមួយគ្នានេះលោកអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងវិស័យឯកជននានា ដែលតែងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ ដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅ នឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល ធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៀត រីឯប្រជាពលរដ្ឋកាន់តែច្រើន នឹងជួបគ្រោះមហន្តរាយ ហើយសង្គមជាតិនឹងមិនមានសេចក្តីសុខ និងស្ថេរភាពបានឡើយ ហើយយើងមិនត្រូវអនុញ្ញាតឱ្យជនល្មើស ធ្វើសកម្មភាពតាមអំពើចិត្តឡើយ ហើយត្រូវតែអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ដែលបានកំណត់។

ក្នុងឱកាសនោះលោក អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើ ការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន សូមពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែល បង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និងពលករទៅក្រៅប្រទេស រឺក្នុងប្រទេសយ៉ាង អមនុស្សធម៌ រហូតក្លាយជាទាសភាព សម័យទំនើបគួរឲ្យស្អប់ខ្ពើម៕