(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញមន្ត្រីពាក់ព័ន្ធទាំងអស់ និងសមាគមអ្នកចម្លាក់ប្រាក់-ស្ពាន់ ត្រូវចុះដៃធ្វើការជាមួយគ្នាឲ្យកាន់តែច្រើនឡើង សំដៅដល់ការធ្វើទីផ្សារលើផលិតផលវប្បធម៌ខ្មែរមួយនេះ បោះលើទីផ្សារ ឲ្យកាន់តែល្បីល្បាញឡើង ពិសេសសំដៅលើភ្ញៀវទេសចរណ៍អន្តរជាតិ ដែលឧស្សាហ៍មកទស្សនកិច្ចនៅតំបន់ស្រុកពញាឮនេះ ឲ្យតែល្បីឈ្មោះឡើងលើឆាកអន្តរជាតិ។

អភិបាលខេត្តសង្កត់ធ្ងន់ថា «នេះជាវប្បធម៌ដ៏ចំណាស់របស់យើង អរគុណអ្នកស្រុកពញាឮ ដែលខិតខំរក្សានូវកេរ្តិ៍ដូនតាមក ហើយខិតខំតស៊ូណាស់លើការងារចម្លាក់នេះ ដ្បិតថា មិនមែនគ្រប់គ្នាអាចស៊ូធ្វើការលើក្បាច់ចម្លាក់ប្រាក់-ស្ពាន់នេះឡើយ ទាល់តែមុតចត់ណាស់ ស៊ូក្រាញននៀលណាស់ ព្រោះក្បូរក្បាច់រចនារបស់ខ្មែរ មិនមែនឆ្លាក់ឲ្យរួចពីដៃទេ ពោលគឺត្រូវផ្ចិតផ្ចង់គ្រប់ក្បូរក្បាច់រចនាទាំងអស់ ទម្រាំតែអាចសម្រេចចេញជាសមិទ្ធផលនេះបាន»

លោក គួច ចំរើន បានថ្លែងបែបនេះនៅគ្រាដែលលោក បានចុះពិនិត្យ និងស្វែងយល់អំពីសិប្បកម្មចម្លាក់ប្រាក់-ស្ពាន់តាមខ្នងផ្ទះ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ជាង២០០នាក់ នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ វត្តមានចូលរួមផងដែរពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់លោក គួច ចំរើន បានបញ្ចាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់-ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខជីវភាពរស់នូវការលំបាក និងបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឲ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរ្តិ៍ដំណែលពីដូនតាកុំឲ្យបាត់បង់ និងដោះស្រាយទុក្ខលំបាក នានារបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

អភិបាលខេត្ត បានកោតសរសើរ និងមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលបានមកដល់ភូមិនេះ ឃើញអ្នកភូមិមានភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ ចេះយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ខិតខំបង្កើតវត្ថុផ្សេងៗដែលធ្វើឡើងអំពីប្រាក់ស្ពាន់ និងលោហៈធាតុដទៃទៀត ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ ប្រកបទៅដោយក្បាច់រចនាដ៏ស្រស់ស្អាត ទុកសម្រាប់លក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនដែលប្រកបរបរចម្លាក់ប្រាក់ស្ពាន់ទាំងអស់ សូមចូលរួមជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដើម្បីទទួលបានទីផ្សាកាន់តែទូលំទូលាយ ស្នាដៃផលិតកាន់តែមានគុណភាពខ្ពស់ មានក្បួនខ្នាតត្រឹមត្រូវ មានរចនាបទថ្មីៗស្របទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល បានកាន់តែបានប្រសើរថែមទៀត។

លោកអភិបាលខេត្ត បានស្នើអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំឲ្យមានការប្រឡងយកស្នាដៃចំលាក់ប្រាក់ស្ពាន់ ដើម្បីជ្រើសរើសរកស្នាដៃដែលលេចធ្លោជាងគេ ត្រឹមត្រូវស្របទៅតាមក្បួនខ្នាតបុរាណខ្មែរ ហើយរដ្ឋបាលខេត្តនឹងចេញវិញ្ញាបណ្ណបត្រ ទទួលស្គាល់ស្នាដៃនោះ។

ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពរបស់ខេត្តទាំងអស់ នឹងយកចម្លាក់ប្រាក់-ស្ពាន់ក្នុងភូមិកោះចិននេះ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យ ចម្លាក់ប្រាក់ស្ពាន់ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកំរិតទៀត។

នាឱកាសនោះលោកអភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ស្ពាន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមអញ្ជើញទៅធ្វើបានបណ្ណ ប.ស.ស ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជាទទួលបានសេវាសុខភាពមិនអស់ប្រាក់ និងទទួលបានប្រាក់និវត្តន៍នៅពេលវ័យចាស់ជាដើម៕