(ស្វាយរៀង)៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ​ បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តការប្ដេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាន និងកំពុងតែយាយី បំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

ការថ្លែងបែបនេះរបស់លោកស្រី យក់ ស៊ីណាត បានធ្វើឡើងក្នុងឱកាសលោកស្រីតំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោកស្រី ប៊ី​ សារិន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក តតំណាងលោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល» ប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី យក់ ស៊ីណាត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឱ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថិរភាពនយោបាយកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយថាមពល និងសក្តានុពល។ 

លោកស្រីបានបន្ថែមថា ការពិតណាស់វិទ្យាសាស្ត្រដ៏ទំនើប ជឿនលឿនទាំងឡាយ ត្រូវបានបង្កើតឡើងដើម្បីបម្រើក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ។ ទោះបីជាយ៉ាងនេះក្តី បច្ចេកវិទ្យា ក៏ត្រូវបានឧក្រិដ្ឋជន ប្រើប្រាស់ធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឱ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រិដ្ឋគ្រប់រូបភាព រួមទាំងការ ជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់ទម្រង់ផងដែរ។

លោកស្រី យក់ ស៊ីណាត សូមកោតសរសើរគ្រប់ការចូលរួមរបស់អង្គការដៃគូដែលជានិច្ចការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងសហការជាមួយ រួមគ្នារិះគិតរកមធ្យោបាយ ដើម្បីបង្ការទបស្កាត់ បង្រ្កាប ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ  និងបានចូលរួមដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋតាមសហគម៍ដែលមានភាពរងគ្រោះ និងជនសន្តោប្រវេសន៍ដែលគ្មានសុវត្ថិភាព។

លោកស្រីយក់ ស៊ីណាត បានចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧» ដើម្បីការលើកកម្ពស់សន្តិសុខសុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ៕