(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សង្វាក់ផលិតកម្មសកលរបស់ខ្លួនបានថយចុះក្នុងរយៈពេល ១០ខែជាប់ៗគ្នាគិតត្រឹមខែវិច្ឆិកា បើទោះបីជាការលក់នៅទូទាំងពិភពលោកហាក់មានសន្ទុះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាក្រុមហ៊ុនមានវ័យចំណាស់មួយផងដែរ តាមរយៈរបាយការណ៍ក្នុងខែវិច្ឆិកាកន្លងទៅនេះបានផលិតរថយន្តសរុបចំនួន ៨៦៩,២៣០គ្រឿងនៅទូទាំងពិភពលោក និងបានធ្លាក់ចុះប្រមាណ ៦.២ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ០.៨ភាគរយធៀបនឹងខែតុលា។
ជុំវិញការធ្លាក់ចុះនេះ ត្រូវបានប្រភពឱ្យដឹងថាទិន្នផលរបស់ Toyota នៅសហរដ្ឋអាមេរិកធ្លាក់ចុះ ១១.៨ភាគរយដោយសារតែការផ្អាកដំណើរការផលិតរយៈពេល ៤ខែ និងប្រទេសចិនធ្លាក់ចុះ ១.៦ភាគរយដោយសារការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតក្នុងស្រុក ប៉ុន្តែចំនួននៃការលក់ក្នុងប្រទេសទាំងពីនេះហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយឡែកនៅក្នុងប្រទេសជប៉ុនវិញដែលមានប្រហែលមួយភាគបីនៃទិន្នផលសកលរបស់ Toyota សង្វាក់ផលិតកម្មបានធ្លាក់ចុះប្រមាណ ៩.៣ភាគរយនៅក្នុងខែវិច្ឆិកាតែមួយ ដោយសារផ្នែកមួយនៃការផ្អាកការផលិតរយៈពេលពីរថ្ងៃនៅរោងចក្រ Fujimatsu និង Yoshiwara របស់ខ្លួន។
គួរជម្រាបថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ទិន្នផលសកលរបស់ Toyota បានធ្លាក់ចុះប្រមាណ ៥.២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងចំនួនផលិត ៨.៧៥លានគ្រឿង ខណៈការលក់ទូទាំងពិភពលោកធ្លាក់ចុះ ១.២ភាគរយ។ តួរលេខនៃការផលិត និងការលក់រួមមានរថយន្តម៉ាក Lexus របស់ក្រុមហ៊ុន Toyota ប៉ុន្តែមិនរាប់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Hino និង Daihatsu នោះទេ៕