(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំង លើកទី២ ខណៈដែលការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ ៥៨,៧៧០ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៥នេះ បានត្រឹមតែ២០,០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមក របស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់៥៨,៧៧០ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផល ស្រូវរដូវប្រាំងឆ្នាំ២០២៥ ដូចតទៅ៖

ទី១៖ សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង លើកទី២ ជាបណ្តោះ អាសន្ន បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ។

ទី២៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹក សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈជាដើម។

ទី៣៖ ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការជូនដំណឹងរបស់រដ្ឋបាលខេត្តទេនោះ បងប្អូនប្រជាពលរដ្ឋ នឹងខាតបង់ទាំងសម្ភារ ថវិកា និងពេលវេលាជាក់ជាមិនខានឡើយ។

ទី៤៖ ករណីដែលប្រជាកសិករយើង នៅតែបន្តការបង្កបង្កើនផលស្រូវរដូវប្រាំង លើកទី២ ទៀតនោះ បងប្អូនអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ ជាដើម ។

ទទួលបានសេចក្តីជូនដំណឹងខាងលើនេះ សូម លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាកសិករទូទាំងខេត្ត ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕