(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ ជូនដើម្បីធានាសុវត្ថិភាព។
ការលើកទឹកចិត្តបែបនេះ របស់លោក គួច ចំរើន បានធ្វើឡើងនៅក្នុងការជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ជាអ្នកដែលប្រកបរបរម៉ូតូឌុប និងម៉ូតូកង់បី និងអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងឱកាសជួបសំណេះសំណាលនេះ បងប្អូនជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប និងម៉ូតូកង់បី បានស្នើសុំឱ្យមានជាសមាគម ក៏ដូចជាមានកាតសម្គាល់ខ្លួនសម្រាប់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ, អភិបាលខេត្តកណ្តាល ក៏បានឯកភាព និងប្រាប់រៀបចំឯកសារពាក់ព័ន្ធមក ដើម្បីរៀបចំដល់ក្រុមការងារចេញកាតសម្គាល់ដល់បងប្អូនជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី គឺជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់នូវព័ត៌មានពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។
លោក គួច ចំរើន បានបន្ថែមថា បងប្អូនដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវបង្កើនសូមមានស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវមានក្រមសីលធម៌ ក្នុងការផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន ប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវ ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។
លោកក៏បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា៕