(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌាប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី មុនពេលដែលលោកស្រីចាកចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។
លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងអំណរអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជួបលោកស្រី និងសហការី ទោះបីសម្តេចមានកិច្ចការដ៏មមាញឹកក៏ដោយ។ លោកស្រី បានសម្តែងការដឹងគុណសម្តេចតេជោ ចំពោះការណែនាំភាពជាអ្នកដឹកនាំ និងមិត្តភាព ដែលនាំឱ្យលោកស្រីសម្រេចបាននូវបេសកកម្មការទូតរយៈពេល៤ឆ្នាំនៅកម្ពុជា ជាមួយសមិទ្ធផលប្រកបដោយក្តីពេញចិត្ត។
លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជម្នះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។
លោកស្រីឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិស័យ និងភារកិច្ចធំចំនួនបួនដែលសម្តេចតេជោ បានណែនាំដល់លោកស្រីនាដើមអាណត្តិការទូត ដែលរួមមាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា សន្ធិសញ្ញាវិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅរដ្ឋធានីញូវដែលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល។ ក្នុងចំណោមកិច្ចការទាំងនោះ លោកស្រីឯកអគ្គរដ្ឋទូត សម្រេចបានជោគជ័យក្នុងការភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅរដ្ឋធានីញូវដែលីនៅឆ្នាំនេះ ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។
លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគម្រោងផ្សេងៗដែលឥណ្ឌាបានធ្វើ ហើយនឹងជួយដល់កម្ពុជា រួមមានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់ព្រះសមណគោត្តមមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។
នៅក្នុងសកម្មភាពមីន លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៍យ៉ាងទូលំទូលាយខាងនយោបាយសកល។ សំឡេងគាំទ្ររបស់សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។
លោកស្រី បានអរគុណសម្តេចតេជោ ដែលបានគាំទ្រប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និងជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើបញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ ...។
លោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការជឿជាក់ខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-កម្ពុជា។ លោកស្រី បានបន្តជម្រាបសម្តេចតេជោ អំពីបំណងរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលោកស្រីឯកអគ្គរដ្ឋទូត ចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះការដឹកនាំ និងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។
សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេសទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រ និងជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងក្តីរីករាយចំពោះការសម្រេចចក្ខុវិស័យ និងភារកិច្ចធំៗមួយចំនួន និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម ជាតួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់របស់ប្រទេសទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចតេជោ បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់ព្រះសមណគោត្តម ដែលនឹងមកដល់កម្ពុជានាពេលខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ក៏ប៉ុន្តែមិនទាន់ស័ក្តិសមនឹងសក្តានុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបានការបរទេសជាមួយបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ៕