(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ករណីក្រុមក្មេងទំនើង» លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ពន្ធនាគារ ឬមន្ទីរឃុំឃាំង ត្រៀមរង់ចាំស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅតែគឃ្លើនមិនខ្លាចច្បាប់ ដោយគ្មានការលើកលែងឡើយ។

នាឱកាសសន្និសីទសារព័ត៌មាន នៅទីស្ដីការក្រសួងយុត្តិធម៌, លោក សេង ឌីណា បានលើកមកបង្ហាញនូវករណីក្មេងទំនើងដែបានធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្រខេត្តមួយចំនួន រួមទាំងការអនុវត្តទោសទន្ទរបស់ក្រុមទាំងនោះ តាមច្បាប់ជាធរមាន។

លោក បានបន្តថា មិនថាសកម្មភាពដែលប្រព្រឹត្តដោយក្រុមណាមួយនោះទេ ឱ្យតែប៉ះពាល់ដល់សន្តិសុខសាធារណៈ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់យ៉ាងតឹងរ៊ឹងបំផុត កសាងសំណុំរឿងទៅតុលាការ តុលាការដំណើរការតាមនីតិវិធី ចោទប្រកាន់ទៅតាមអ្វីដែលមានកំណត់នៅក្នុងច្បាប់ ហើយវិធានការឃុំខ្លួនតែងតែមានជាប់ជានិច្ច។

មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ បានបន្តថា លោកចង់ឱ្យយុវជនមួយចំនួន មិនថាយុវជនស្ថិតនៅក្នុងក្រុមក្មេងទំនើង ឬយុវជនផ្សេងទៀត ឱ្យបានឃើញថា «អ្វីដែលជាសកម្មភាពដែលសប្បាយតែមួយពេល ដូចជាខ្លាំង ប៉ុន្តែវិធានការច្បាប់ក៏ខ្លាំងដែរ បើធ្វើសកម្មភាពទំនើង មន្ទីរឃុំឃាំង គឺនៅរង់ចាំ។ ខូចខាតអនាគត ខាតបង់ការសិក្សា ប៉ះពាល់កិត្តិយសរបស់ក្រុមគ្រួសារ ហើយប៉ះពាល់រូបរាងកាយរបស់ខ្លួន ឬឈានដល់ការបាត់បង់អាយុជីវិតថែមទៀត»