(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារអាហារូបករណ៍​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហការជាមួយ​សា​កល​​វិទ្យាល័យលីមកុកវីង បានរៀបចំការប្រឡងយកអាហារូបករណ៍ ដើម្បី​សិក្សានៅសាកលវិទ្យាល័យលីមកុកវីង។

ការប្រឡងដំណាក់កាលទី១នេះ ប្រព្រឹត្តទៅនៅ​សាកល​​វិទ្យាល័យលីមកុកវីង លើវិញ្ញាសាអង់គ្លេស និងគណិតវិទ្យា។ បេក្ខជន​ដែលជាប់ក្នុងដំណាក់​កាល​ទី១ នឹងត្រូវអនុញ្ញាតឱ្យបន្តការប្រឡង​ដំណាក់​កាល​ទី២ គឺសម្ភាសន៍ផ្ទាល់​មាត់ ដែលជាដំណាក់កាលចុងក្រោយ។

សូមបញ្ជាក់ថា សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនកន្លែងដល់សិស្សមកពីគ្រួសារក្រីក្រ ដើម្បីពួកគេមានឱកាសទទួលបានការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា។

អាហារូបករណ៍នេះ ត្រូវបានផ្តល់នៅតាមសាកលវិទ្យាល័យជាច្រើន។ តាម​រយៈ​អាហារូបករណ៍នេះ បានផ្តល់ឱកាសឱ្យសិស្សមកពីគ្រួសារក្រីក្រ បន្តការសិក្សា​ថ្នាក់​ឧត្តមសិក្សាទទួលបានចំណេះជ្រៅជ្រះឆ្ពោះទៅការកសាងអនាគត​ដ៏ល្អ​ប្រសើរ និងក្លាយជាធនធានដ៏ប្រសើរសម្រាប់សង្គម៕