(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យន្តការការពារជាតិមាន៣ គឺប្រឹងប្រែងចរចាកំណត់​ព្រំដែនឱ្យច្បាស់, បោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែន។ មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនគិតគូររឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើរាល់ថ្ងៃលើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រឿងស្រឡាញ់ជាតិអ្នកណាក៏ស្រឡាញ់ជាតិដែរ រឿងការពារបូរណភាពទឹកដី ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះទឹកដី ត្រូវតែមានហើយកូនខ្មែរគ្រប់រូបត្រូវតែបារម្ភ ប៉ុន្តែ សកម្មភាពនៃការបញ្ចេញទស្សនលើបញ្ហាទឹកដី ត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឱ្យមានការបែកបាក់ដែលជាកត្តាធ្វើឱ្យបាត់បង់សាមគ្គីជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កន្លងមកនេះមានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសប្រមាណ ៧០ម៉ឺននាក់ ក្នុងរយៈពេល១ខែ បានចូលបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រវាត់ព្រំដែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងការការពារបូរណភាពទឹកដី យើងត្រូវតែការពារ តាមរយៈគោលការណ៍៣ ដែលរាជរដ្ឋាភិបាលបានធ្វើកន្លងទៅ មានអ្នកខ្លះអីឡូវញុះឱ្យខ្ញុំស្រែកតាម Facebook រឿងព្រំដែន ប្រាប់ថ្ងៃមុនហើយខ្ញុំមិនចាំនិយាយរឿងព្រំដែន តែយើងធ្វើអ្វីដែលយើងធ្វើមានតែ៣នោះទេ»

យន្តការការពារជាតិមាន៣ ដែលសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត គឺចរចាបោះបង្គោលព្រំដែនឱ្យច្បាស់លាស់ តំបន់ខ្លះយើងអត់ដែលមានទេតាំងពីជំនាន់បារាំងមក ពីត្បូងឃ្មុំ ឡើងមកដល់តំបន់កន្ទុយនាគ គ្រាដែលបារាំងនៅគ្រប់គ្រងកម្ពុជា គឺមិនមានការបោះទេបង្គោលព្រំដែននោះទេ តែទើបបានបោះក្នុងជំនាន់របស់យើង។, បោះហើយទុកឱ្យស្វានៅឬ អត់ទេ ត្រូវតែរុញមនុស្សទៅតាមរយៈការដោះមីន តាមរយៈការធ្វើផ្លូវនៅទីនោះដើម្បីជំរុញការអភិវឌ្ឍ កន្លែងដែលធ្លាប់តែមានមីន ប្រែក្លាយទៅជាកន្លែងដែលប្រជាជនអាចរស់នៅ​ ធ្វើចម្ការ និងសកម្មភាពជាច្រើនដោយសុខក្សេមក្សាន្ត ខណៈដែលនៅព្រំដែនកម្ពុជា ភាគខាងលិច បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ដែលក្រឡេកទៅមើលអតីតកាលជាព្រៃឫស្សី និងចម្ការមីន ប៉ុន្តែ បានប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវ សាលារៀន មន្ទីរពេទ្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាដើម។

ខណៈភាគីកម្ពុជា និងថៃ បាននឹងកំពុងរៀបចំបើកច្រកព្រំដែន​បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងប្រែក្លាយទីតាំងសមរភូមិចាស់នៅតាមបន្ទាត់ព្រំដែន ដែលអាចឱ្យប្រជាពលរដ្ឋទៅរស់នៅកាន់តែច្រើនឡើងនៅតាមបន្ទាប់ព្រំដែនផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចូលរួមរបស់​ប្រជាជនជាក់ស្តែង គឺការងារប្រវត្តិសាស្ត្រ គិតវិជ្ជមានរួមគ្នាធ្វើ បារម្ភពីទឹកដីមែន ប៉ុន្កែត្រូវរួមគ្នាធ្វើអ្វីឱ្យពិតប្រាកដ មិនមែនតាំងគ្នាតាម Facebook ចោទគ្នាទៅវិញទៅមក ថាក្បត់ជាតិ សម្ងំមិនចេញមុខតវ៉ាបញ្ហាព្រំដែននោះទេ។ រឿងព្រំដែន ត្រូវចរចាបោះបង្គោលព្រំដែន ឱ្យបានសុក្រឹតតាមផែនទី តាមផ្លូវច្បាប់ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ ចំណុចនេះកូនខ្មែរ ត្រូវតែការពារឱ្យបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំប្រជាពលរដ្ឋ​កុំឈ្លោះគ្នារឿងបញ្ហាទឹកដី ដែលបានបន្សល់ពីអតីតកាល ដែលអាចបង្កឱ្យមានជម្លោះរវាងប្រជាជន និងប្រជាជន ចំណុចនេះនឹងធ្វើឱ្យអរិយភាពរវាងប្រជាជន និងប្រជាជន ដូច្នេះ នៅពេលមានបញ្ហាអ្វីមួយគឺត្រូវអង្គុយចរចា រកដំណោះស្រាយ រវាងអ្នកនយោបាយ និងអ្នកនយោបាយ ក្នុងន័យធ្វើឱ្យប្រជាជនទាំងសង្ខាងអាចរស់នៅក្បែរគ្នាប្រកបដោយសេចក្តីសុខសប្បាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រឿងស្រឡាញ់ជាតិ និងទឹកដី អ្នកណាក៏ស្រឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ រហូតដល់ឈានដល់អារិភាពជាមួយប្រទេសជិតខាង៕