(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាព និងលោក លោកស្រីជាក្រុមការងារពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងពិនិត្យលើលទ្ធផលអនុវត្តការងារដែលបានដាក់ចេញនៅក្នុងឆ្នាំ២០២៤ ក្នុងនោះមានចង្កោមសកម្មភាពសំខាន់ៗចំនួន ៤៧សកម្មភាព ដែលជារួមសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក រួមជាមួយនឹងការពិនិត្យលើបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះ ដំណោះស្រាយ និងសំណូមពរផ្សេងៗ។
ទន្ទឹមនឹងនេះតាមរយៈលទ្ធផលដែលសម្រេចបាននេះ លោកស្រីប្រធានក្រុមការងារ ក៏បានផ្តល់នូវអនុសាសន៍ជាទិសដៅសម្រាប់ពង្រឹងលើការអនុវត្តសកម្មភាពការងារនៅក្នុងឆ្នាំ២០២៥ ដែលបានដាក់ចេញសរុបចំនួន ៤៦សកម្មភាព ដើម្បីធានានូវប្រសិទ្ធភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឱ្យកាន់តែទទួលបាននូវលទ្ធផលស្របតាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្រេចបាននូវចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមជម្រាបជូនថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តជិត២០ឆ្នាំ ដែលមាន ៤ដំណាក់កាលសំខាន់ៗ ហើយឆ្នាំ២០២៣-២០២៧ គឺជាឆ្នាំនៃការអនុវត្តនៅក្នុងដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចឱ្យបាននូវគោលបំណង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕