(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធីលើកកម្ពស់ការយល់ដឹងផ្នែក សេដ្ឋកិច្ច ដែលបានចាប់ផ្ដើមដំណើរការ កាលពីខែមីនា ឆ្នាំ២០២៤។
ភាពជោគជ័យនេះ ដោយសារមានការចូលរួមពីសមាគមធនាគារនៅកម្ពុជា (ABC) និងការជួយជ្រោមជ្រែងពីដៃគូធនាគារសំខាន់ៗ ព្រមទាំងតំណាងនៅនឹងមូលដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា។
រហូតមកដល់បច្ចុប្បន្ន គំនិតផ្តួចផ្តើមនេះបានផ្តល់ឱកាសសិក្សារៀនសូត្រដល់សិស្សានុសិស្សជាង ៩០០០នាក់ មកពីសាលារដ្ឋទាំងអស់ និងបានផ្ដល់នូវចំណេះដឹងអំពីវប្បធម៌ និងការយល់ដឹងអំពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើនដល់ពួកគេ។
សូមបញ្ជាក់ជូនថា នៅក្នុងគម្រោងនេះ ធនាគារឯកជនកម្ពុជាបានចូលជាថវិការួមគ្នា ដើម្បីប្រើប្រាស់សម្រាប់ចំណាយលើថ្លៃដឹកជញ្ជូន និងការទស្សនាសារមន្ទីរ។
បន្ទាប់ពីបានផ្តល់អត្ថប្រយោជន៍ដល់សិស្សសាលារដ្ឋ ក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមក បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានពង្រីកយ៉ាងជោគជ័យដល់សាលារដ្ឋនៅខេត្តកំពង់ធំ ពោលគឺត្រូវបានពង្រីកដល់ទីជនបទទៀតផង។ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញារបស់វិស័យធនាគារកម្ពុជា ក្នុងការផ្តល់នូវឱកាសអប់រំពាក់ព័ន្ធនានា និងប្រកបដោយគុណភាពខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ ដោយមិនគិតពីមធ្យោបាយហិរញ្ញវត្ថុ សាវតាសង្គម ឬភូមិសាស្រ្តស្រុកភូមិរបស់ពួកគេនោះឡើយ ហើយដូច្នេះ គម្រោងនេះបានបង្ហាញពីកម្លាំងនៃភាពជាដៃគូអន្តរវិស័យនៅក្នុងការលើកកម្ពស់បរិយាបន្នសង្គមពិតប្រាកដមែន។
ដៃគូធនាគារសំខាន់ៗដែលបានដើរតួនាទីគន្លឹះក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះរួមមាន ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារ CIMB ធនាគារ Wing វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារ KB Prasac និងធនាគារ Maybank ។ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងក្រុមហ៊ុន MekongNet ក៏បានបង្កើតយន្តការឧបត្ថម្ភដូចគ្នានេះដែរ ពិសេសការប្តេជ្ញាគាំទ្រផ្នែកហិរញ្ញវត្ថុ ។ កិច្ចខិតខំប្រឹងប្រែងរួមនេះ មិនត្រឹមតែពង្រឹងទំនួលខុសត្រូវសង្គម របស់ដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យសិស្សសាលារដ្ឋរាប់ពាន់នាក់ ទទួលបាននូវធនធានអប់រំសំខាន់ៗ និងអនុវត្តសកម្មភាពអប់រំបន្ថែមលើកម្មវិធីសិក្សាផងដែរ។
សារមន្ទីរ ស.ស.រ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការគាំទ្រដែលកំពុងទទួលបាន និងការរួមចំណែកពីស្ថាប័នទាំងនេះ។ បើសម្លឹងទៅមុខ សារមន្ទីរ ស.ស.រ និងដៃគូរបស់ខ្លួន ពិតជាមានគំនិតសុទិដ្ឋិនិយមចំពោះអនាគតនៃកម្មវិធីនេះ ហើយមានផែនការបន្ត និងពង្រីកគម្រោងនេះនៅឆ្នាំ២០២៥ ដោយមានគោលដៅផ្ដល់ឱកាសជូនសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេស។
លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះភាពជោគជ័យនៃកម្មវិធីនេះ និងចំពោះការឆ្លើយតបជាវិជ្ជមានពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់។ ដោយបន្តទទួលបានកិច្ចសហការពីដៃគូរបស់យើង ទាំងផ្នែកធនាគារ និងវិស័យឯកជន យើងសង្ឃឹមថា នឹងបន្តពង្រឹងអក្ខរកម្មផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់នូវចំណេះដឹងផ្នែកវប្បធម៌ ជូនយុវជនកម្ពុជា និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយបរិយាបន្ន»។
ដោយឡែក លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានមានប្រសាសន៍ថា កិច្ចសហការរវាងសមាគមធនាគារនៅកម្ពុជា (ABC) និងសារមន្ទីរ ស.ស.រ បង្ហាញពីការប្តេជ្ញារួមគ្នារបស់យើង ក្នុងការផ្តល់ឱ្យយុវជនកម្ពុជានូវការអប់រំជាក់ស្តែងផ្នែកសេដ្ឋកិច្ច។ នៅពេលទៅទស្សនាសារមន្ទីរ ស.ស.រ សិស្សានុសិស្សអាចភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងសាលា ទៅនឹងសេដ្ឋកិច្ចពិតប្រាកដ ដូច្នេះហើយ ធ្វើឱ្យការសិក្សារៀនសូត្ររបស់ពួកគេកាន់តែមានន័យ។
សារមន្ទី ស.ស.រ រីករាយនឹងបន្តភាពជាដៃគូប្រកបដោយផ្លែផ្កានេះ ហើយធានាថា យុវជនកម្ពុជាកាន់តែច្រើន នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំនេះនៅបណ្ដាឆ្នាំខាងមុខ៕