(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០៤៧៧ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ​នៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា ឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា​។ 

ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត​ លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ លោកនាយករដ្ឋបាលសាលាខេត្ត លោក​ លោកស្រី ប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ លោកអភិបាល​ អភិបាលរងស្រុកចន្ទ្រា និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០នាក់។ 

នាឱកាសនោះ លោក ប៉េង ពោធិ៍សា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅឃុំមេសរថ្ងក ឃុំចន្ទ្រា និងឃុំទួលស្ដី ក៏ដូចជានៅទូទាំងស្រុកចន្ទ្រាទាំងមូល។ 

លោកបន្តថា​ ថ្ងៃនេះជាលើកទី៧ ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣មក​ ​ហើយក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋ​បានប្រមាណជាង ៦ម៉ឺនប័ណ្ណ ទន្ទឹមនេះក៏បានបញ្ជាក់ឲ្យឃើញថា​ ក្នុងមូលដ្ឋានស្រុកចន្ទ្រា បានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ដោយបច្ចុប្បន្ននៅសល់តែនីតិវិធី​នៃការចេញប័ណ្ណប៉ុណ្ណោះ។

លោកបន្ថែមថា​ លទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ សូមសម្ដែងនូវការអរគុណ និងកោតសរសើរមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។

ជាមួយនឹងលទ្ធផលដ៏ល្អនៃវាស់វែងដីធ្លីនិងពិធីចែកប័ណ្ណនៅថ្ងៃនេះ​  លោកអភិបាលខេត្ត ​បានផ្ដាំផ្ញើបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន​ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព។ ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ បន្ថែមលើសពីនេះត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន  ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ 

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ច​ក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ដើម្បីថែរក្សាការពារផ្លូវថ្នល់ ហើយក្នុងករណីមានការខូចខាត ត្រូវមានវិធានការជួសជុលឲ្យបានរហ័សដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕