(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី១១ សម្រាប់ក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង។

វេទិកានេះ រៀបចំឡើងនៅវត្តស្វាយធំ ភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហែន ពុទ្ធី អភិបាលរងខេត្ត ដោយមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋមកពីក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង ប្រមាណជា៤០០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក តោ គឹមស៊ាន បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រនៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបន្តថា អង្គវេទិកានេះ គឺផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកចូលរួមនៅទីនេះ ស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

លោក តោ គឹមស៊ាន បានបន្តថា ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និងមតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ឋ ត្រូវដឹងឲ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។

លោក ហែន ពុទ្ធី បានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុលដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

លោកក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ជូនប្រជាពលរដ្ឋ។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី១១ ប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ បញ្ហាការជំទាស់បើកផ្លូវថ្មី, បញ្ហាដីប៉ះពាល់បូរាណដ្ឋាន, ការសុំបញ្ចប់ទំនាស់ទាមទាដីកេរ្តិ៍មរតក, ករណីអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់, សុំជួសជលថែទាំផ្លូវ, ភូមិឃុំមានសុវត្ថិភាព និងសុំកុំព្យូទ័ររបស់សិស្សនៅវិទ្យាល័យស្វាយធំ។

ជាមួយគ្នានេះដែរ ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺ នូវសំណួរ សំណូមពរ និងក្តីកង្វល់ ដែលប្រជាពលរដ្ឋលើកជាក់ស្ដែង ចំនួន ១១។ ដោយឡែក ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន ១៥ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត និងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត នឹងធ្វើការឆ្លើយតប និងជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរ តាមអាជ្ញាធរមូលដ្ឋាន៕