(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការងនគបាលជាតិ និងជាស្នងការនគបាលខេត្តព្រះសីហនុ សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល នឹងឈានមកដល់នាពេលខាងមុខ ផែនសណ្តាប់ធ្នាប់ សារធារណៈ បានដាក់ចេញវិធានការការពារសណ្តាប់ធ្នាប់៥ចំណុចសំខាន់ៗ និងមាន៤ការិយាល័យជំនាញរួមមាន៖ ការិយាល័យចរាចរណ៍ផ្លូវគោក, ការិយាល័យសណ្តាប់ធ្នាប់, ការិយាល័យនគបាលទេសចរណ៍, និងការិយាល័យ សណ្តាប់ធ្នាប់ផ្លូវទឹក ដើម្បីធានាបាននូវសុខសុវត្តិភាព ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍តាមគោលដៅសំខាន់ៗ ជូនភ្ញៀវជាតិ និងអន្តរជាតិ។

វិធានការណ៍ទាំង៥របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមមាន៖

*ទី១៖ ពង្រឹងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរយានយន្តគ្រប់ប្រភេទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ សូមឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។
*ទី២៖ បែងចែកកម្លាំងប្រចាំការនៅការិយាល័យ តាមគោលដៅសំខាន់ៗក្នុងខេត្ត និងកម្លាំងល្បាតចល័ត ដើម្បីសម្របសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ដែលមកបំពេញភារកិច្ច និងកម្សាន្តលេងខេត្តព្រះសីហនុ កុំឱ្យមានការកកស្ទះចរាចរណ៍។
*ទី៣៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ប្រចាំការនៅកំពង់ផែទូកទេសចរណ៍ និងល្បាតតាមឆ្នេរសមុទ្រដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ/ភ្ញៀវបរទេស និង ប្រជាពលរដ្ឋ មកលេងកម្សាន្ត តាមឆ្នេរ និងកោះ។
*ទី៤៖ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ ប្រចាំការនៅគោលដៅចំណតរថយន្ត និងល្បាតចល័តធ្វើការណែនាំការឈប់ចត ដាក់តាំងសម្ភារលក់ដូរលើចិញ្ចើមផ្លូវ លើថ្មក្រាលនីតតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។
*ទី៥៖ កម្លាំងនគរបាលទេសចរណ៍ ល្បាតតាមឆ្នេរសមុទ្រដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ/ភ្ញៀវបរទេស និង ប្រជាពលរដ្ឋ មកលេងកម្សាន្ត តាមឆ្នេរសមុទ្រចាប់ពី៨៥០២ ចុងអូឈើទាល ឆ្នេរឯករាជ្យ ឆ្នេរលំហែរកាយ ឆ្នេរព្រែកត្រែង ពយភ្នំ៣៩ រង្វង់មូលព្រះថោង ឆ្នេរសមុទ្ររាម។

លោកឧត្តមសេនីយ៍ត្រី បានសំណូមពរដល់បងប្អូនដែលជាអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទទាំងជាតិ និងអន្តរជាតិ៖

*ទី១៖ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាពិសេស ពាក់មួកសុវត្ថិភាព មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពភ្លើងសញ្ញា-ផ្លាកសញ្ញាចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់មិនបើកបរស្ថិតក្រោម ឥទ្ធិពល នៃគ្រឿងស្រវឹង-គ្រឿងញៀន ត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់ផ្លូវបំបែក ផ្លូវប្រសព្វការឈប់ចតឱ្យបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុស្រលាញ់ជីវិតអ្នក ស្រលាញ់ក្រុមគ្រួសារអ្នក ស្រលាញ់ទ្រព្យសម្បត្តិអ្នក និងទ្រព្យសម្បត្តិសាធារណៈ យើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសុខសប្បាយទាំងអស់គ្នា។
*ទី២៖ ចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឲ្យបានត្រឹមត្រូវ កុំធ្វេសប្រហែស កុំងូតទឹកជ្រៅ ហួសដែនកំណត់ដែលអាជ្ញាធរបានពង្រាយពោង គ្រប់គ្រងសមាជិកក្រុមគ្រួសារអោយបានល្អ ពិសេសក្មេងតូចៗ ម្តាយឪពុក ចាស់ជរា ដើម្បីចៀសវាងការវង្វេង សូមចូលរួមថែរក្សាអនាម័យនិងបរិស្ថាន ជាពិសេស ការចាក់ឧបករបំពងសម្លេងលាន់លឺខ្លាំងដែលរំខានដល់ភ្ញៀវដទៃ។

ជាចុងក្រោយលោកបានគូសបញ្ជាក់ថា សម្រាប់វិធានការសង្គ្រោះ របស់កម្លាំងនគរបាលទេសចរណ៍ បានត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សង្គ្រោះ ផ្សេងៗដើម្បីជួយប្រជាពលរដ្ឋដែលជួបឧបទេវហេតុ ជួយសង្គ្រោះបានភ្លាមៗនិងទាន់ពេលវេលាសម្រាប់បងប្អូនដែលជួបគ្រោះថ្នាក់ក្នុងប្រការណាមួយ សូមទំនាក់ទំនងទៅសមត្ថកិច្ចដែលប្រចាំការនៅជិតបំផុត៕