(កោះកុង)៖ នៅពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយគោលដៅអន្តរជាតិហើយនោះ នឹងជួយបើកចំហជើងមេឃនៅភាគនិរតីរបស់កម្ពុជាបន្ថែម តាមរយៈការដឹកជញ្ជូនផ្លូវអាកាស ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ធុរជនអន្តរជាតិឱ្យមកទស្សនា ចាប់អារម្មណ៍និងស្វែងរកឱកាសវិនិយោគ ក៏ដូចជាមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅតំបន់តារាសាគរ ឬក៏អាចនៅគោលដៅផ្សេងទៀតនៃខេត្តកោះកុង ក៏ដូចជានៅកម្ពុជាផងដែរ។
ក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជាជំហានដំបូងនាបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខេត្តសៀមរាប។ ការខិតខំជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកនេះ គឺដើម្បីជាមធ្យោបាយដឹកជញ្ជូនក្នុងស្រុកដ៏ងាយស្រួល ពិសេសចូលរួមជាកម្លាំងរួមផ្សំក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
បើតាមការតាំងចិត្តរបស់លោកប្រធាន លី ម៉ុងឈិន ក្រុមហ៊ុន CAI មានផែនការតភ្ជាប់ជើងហោះហើរនៅក្រៅប្រទេស ដូចជាប្រទេសចិន និងប្រទេសផ្សេងទៀតនៃតំបន់អាស៊ាន ពោលគឺចាប់ពីពេលបើកដំណើរអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះជាផ្លូវការនាពេលខាងមុខ។
ជាការរំពឹងយ៉ាងមុតមាំរបស់លោកប្រធាន លី នៅពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយគោលដៅអន្តរជាតិហើយនោះ នឹងជួយបើកចំហជើងមេឃនៅភាគនិរតីកម្ពុជាបន្ថែម តាមរយៈការដឹកជញ្ជូនផ្លូវអាកាស ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ធុរជនអន្តរជាតិឱ្យមកទស្សនា ចាប់អារម្មណ៍និងស្វែងរកឱកាសវិនិយោគ ក៏ដូចជាមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅតំបន់តារាសាគរ ឬក៏អាចនៅគោលដៅផ្សេងទៀតនៃខេត្តកោះកុង ក៏ដូចជានៅកម្ពុជាផងដែរ។
លោកថា តាមរយៈវត្តមានអាកាសយានដ្ឋាននេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកដំណើរមកពីគ្រប់ទិសទីមកកាន់តំបន់តារាសាគរ និងខេត្តកោះកុង។
ជាការប្ដេជ្ញារបស់ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន CAI រូបនេះ គឺខិតខំបន្តការអភិវឌ្ឍតាមផែនការដែលបានដាក់ចេញ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ដើម្បីជំរុញឱ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរស្របតាមស្ដង់ដាអាកាសយានដ្ឋានអន្តរជាតិ។
និយាយដល់ចំណុចហេដ្ឋារចនាសម្ពន្ធគាំទ្រដល់គម្រោងអភិវឌ្ឍន៍ និងការទាក់ទាញភ្ញៀវទេសចរនិងធុរជន លោកប្រធាន លី ម៉ុងឈិន ក៏បានបញ្ជាក់ពីការពន្លឿនការកសាងផ្លូវក្រាលកៅស៊ូប្រវែង៨គីឡូម៉ែត្រ ដើម្បីតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក៏ដូចជាភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់ទីតាំងគោលដៅផ្សេងៗក្នុងតំបន់អភិវឌ្ឍន៍តារាសាគរ ដូចជាគោលដៅកម្សាន្តទេសចរណ៍ គោលដៅវិនិយោគថ្មីៗ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រុមហ៊ុន CAI ដែលបានសហការគ្នាយ៉ាងស្អិតល្មួតជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការខិតខំបំពេញការងារដើម្បីឱ្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរទទួលបានជោគជ័យ ដោយបំពេញបាននូវរាល់លក្ខខណ្ឌតម្រូវដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រហូតដល់ការទទួលការហោះហើរដំបូងមកកាន់អាកាសយានដ្ឋានតារាសាគរនៅថ្ងៃនេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរមានវិសាលភាពលើផ្ទៃដីប្រមាណជាង១២០០ហិកតាជាប់នឹងមាត់សមុទ្រ ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុន CIA កំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ ក្រុមហ៊ុនរំពឹងថាអាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕