(កំពង់ធំ)៖ លោក ម៉េង លីនណា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បាននាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារលោកពូ រស់ រ៉ាត អាយុ ៦៤ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយមានជីវភាពខ្វះខាត រស់នៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង។

លោក ម៉េង លីនណា បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារលោកពូ ដែលកំពុងមានជំងឺប្រចាំកាយ ជីវភាពខ្វះខាត ដូចនេះហើយទើបក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការពីក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍ លោកមេភមិ នាំយកអំណោយមកផ្ដល់ជូននៅពេលនេះ ដែលជាការចូលរួមបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះ​មិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាប្រធាន ស.ស.យ.ក ស្រុក និងអាជ្ញាធរមូលដ្ឋាននៅតែខិតខំ និងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលមានជំងឺ ខ្វះខាត ជានិច្ច។

លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងមានជំងឺប្រចាំកាយអំណោយ និងថវិកាដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ជួបការលំបាក ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។ លោកបានជំរុញដល់​ក្រុមគ្រួសារ លោកពូ ត្រូវថែទាំសុខភាពឲ្យបានល្អនិងមានអនាម័យខ្ពស់ និងគ្រួសារផ្សេងទៀតដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេស មេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់គ្រួសារលោកពូ ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស ស យ ក ក្នុងការចូលរួមសហការគ្នាស្វែងរកសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថាអំណោយដែលបានចែកជូនរួមមានអង្ករ ១បេ  ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ត្រីខ ១យួរ ប្រេងសណ្ដែក ១ដប ទឹកសុទ្ធ ១០យួរ ថវិកា ១២ម៉ឺនរៀល៕