(ស្វាយរៀង)៖ ក្រោយចាប់ខ្លួនក្មេងទំនើងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅពេលនេះសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនក្មេងទំនើង៩នាក់ ដែលប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿងព្រហ្មទណ្ឌ លេខ៧៣០ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ពាក់ព័ន្ធចំនួន ៩នាក់ (អនីតិជនចំនួន ៦នាក់) ក្នុងនោះ មានខ្លួនចំនួន ៤នាក់ និងរត់គេចខ្លួនចំនួន ៥នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទដែលមានខ្លួនចំនួន៤នាក់ នៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តស្វាយរៀង។ ដោយឡែក ជនត្រូវចោទដែលរត់គេចខ្លួនចំនួន ៥នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង៕