(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់។

តាមរយៈសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥ ដែលបានចេញផ្សព្វផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន១០ ៦១២ប៊ីលានរៀល មានសមាមាត្រស្មើនឹង៤៤.៤%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥.០៧% នៃផ.ស.ស., ឬកើនចំនួន៣.៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤។

បើតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥, ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងសម្រាប់៖

(១)៖ ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល និវត្តន៍ក្នុងឆ្នាំ២០២៤ ប៉ុន្តែផែនការក្របខ័ណ្ឌសម្រាប់គ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវកំណត់ដោយ ក្រសួងមុខងារសាធារណៈ នៅពេលក្រោយ បន្ទាប់ពីការបញ្ចប់ការវិភាគមុខងារឡើងវិញ របស់គ្រប់ក្រសួង-ស្ថាប័ន

និង (២)៖ ការដំឡើងប្រាក់បំណាច់មុខងារ និងការផ្ទេរការគ្រោងចំណាយបន្ទុក បុគ្គលិកនៃមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៤៦ ៤៥៦,៤ លានរៀល ដែលជាធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ មកកត់ត្រានៅក្នុងវិស័យអប់រំ យុវជន និង កីឡាវិញ។

ក្នុងស្មារតីបន្តអនុវត្តគោលនយោបាយ ដំឡើងបៀវត្សជូនមន្ត្រីរាជការ សំដៅរក្សាលំនឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីផ្សេងទៀត ការដំឡើងបៀវត្សសម្រាប់ឆ្នាំ២០២៥ ត្រូវបានគិតគូរទៅតាមលទ្ធភាពថវិកាក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។

ការដំឡើងបៀវត្សនេះ ត្រូវបានគិតគូរ តាមអភិក្រមដំឡើងលើប្រាក់បំណាច់មុខងារចំនួន៤០ ០០០រៀលជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតអនុវត្តសម្រាប់រយៈពេល១២ខែ គឺពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។

ជាលទ្ធផល បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ មានដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ នឹងត្រូវបានដំឡើងពីចំនួន១ ៣៥៦ ៩៥០រៀល នៅឆ្នាំ២០២៤ ដល់ប្រមាណ១ ៣៩៦ ៩៥០រៀល នៅឆ្នាំ២០២៥
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន១ ៤៥៦ ៩៥០រៀល នៅឆ្នាំ២០២៤ ដល់ប្រមាណ១ ៤៩៦ ៩៥០រៀល នៅឆ្នាំ២០២៥
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពី១ ៤៤៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៤ ដល់ប្រមាណ១ ៤៨៣ ៩២៧រៀល (ដោយគិត បញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៥
* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី១ ៣០៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០២៤ ដល់ប្រមាណ១ ៣៤៦ ៥៥០រៀល (ដោយមិនទាន់ គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ១ ៤០៥ ០២៧ រៀល នៅឆ្នាំ២០២៥។

ចំពោះប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងពី៧៧ម៉ឺនរៀល ទៅដល់៧៩ម៉ឺនរៀល ដោយគិតអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥៕