(ភ្នំពេញ)៖ ព្រឹត្តិការណ៍ម៉ារ៉ាតុន រៀបចំដោយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនៃរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ២០២៤ លើកទី៣ ក្រោមប្រធានបទ «យុវជនដើម្បីបរិស្ថាននិងសន្តិភាព» ដើម្បីការពារបរិស្ថានជីវៈចម្រុះ និងឧទ្ទិសចំពោះទិវាសន្តិភាពជាតិ នឹងចាប់ផ្ដើម នៅម៉ោង៧៖០០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

បើតាមការឲ្យដឹងរបស់ លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុននេះមានអ្នកចុះឈ្មោះចូលរួមប្រមាណ ៣៤៩នាក់ និងរត់ចម្ងាយជាង៤គីឡូម៉ែត្រ ដោយរត់កាត់ផ្លូវលំ ផ្លូវព្រៃចម្ងាយប្រមាណ៥០០ម៉ែត្រ និងផ្លូវកៅស៊ូផងដែរ។

លោក សូត សំណាង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «បរិស្ថាននៅក្នុងប្រទេសយើងក្ដី នៅក្នុងសកលលោកក្ដី កំពុងតែរងគ្រោះដូចជា បម្រែបម្រួលអាកាសធាតុ និងគ្រោះរញ្ជួយដី បើយើងមិនចូលរួមបំផុសបង្កើនទឹកចិត្តចូលរួមថែរក្សាទេ វានឹងបាត់បង់»

ទន្ទឹមនេះ គោលបំណងសំខាន់បន្ទាប់ពីការបំផុសទឹកចិត្តយុវជនឲ្យស្រឡាញ់ ការពារ ព្រៃឈើ លោក សូត សំណាង បញ្ជាក់បន្ថែមថា ការរត់ម៉ារ៉ាតុននៅថ្ងៃទី២៩ធ្នូនេះ នឹងបង្ហាញពីការដឹងគុណ និងឧទ្ទិសក្នុងថ្ងៃទិវាសន្តិភាពនៃកម្ពុជាដែលកម្ពុជាទទួលបានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំចុងក្រោយនេះ បើក្រលែកមើលទៅក្រោយគឺរយៈពេល៥០០ឆ្នាំដែលកម្ពុជាមិនដែលមានសុខសន្តិភាពដែលមានព្រះមហាក្សត្រមួយ យោធាមួយ រដ្ឋាភិបាលមួយ ដូចបច្ចុប្បន្ននោះទេ។

ប្រធានឧទ្យានរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ម៉ារ៉ាតុននេះនឹងបណ្ដុះទឹកចិត្តអ្នកដែលចូលរួមមាន ក្មេង ចាស់ និងយុវជនដែលមកពីវិទ្យាល័យផ្សេង រួមទាំងអាជ្ញាធរឲ្យមានទឹកចិត្តស្រឡាញ់ការពារបរិស្ថាន រួមទាំងផ្លាស់ប្ដូរបរិយាកាសពីការរត់ប្រណាំងនៅក្នុងទីក្រុង មករត់នៅតាមព្រៃឈើ ដែលមានខ្យល់អាកាសបរិសុទ្ធ អមជាមួយទេសភាពធម្មជាតិព័ទ្ធជុំវិញយ៉ាងស្រស់បំព្រង។

សូមជម្រាបថា កន្លងទៅ ព្រឹត្តិការណ៍ម៉ារ៉ាតុននេះធ្លាប់បានធ្វើឡើងចំនួន ២ដងរួចមកហើយ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ដែលមានការចូលរួមពីយុវជនប្រមាណជាង២០០នាក់ មកពីកាកបាទក្រហម ស.ស.យ.ក និងយុវជនមកពីវិទ្យាល័យផ្សេងៗនៅក្នុងស្រុក គោលបំណងសំខាន់នោះគឺ បណ្ដុះទឹកចិត្តស្មារតីយុវជនឲ្យចេះស្រឡាញ់ ការពារ ថែរក្សាបរិស្ថាន និងជីវចម្រុះ ជាពិសេសនៅតំបន់ឧទ្យានជាតិផ្ទាល់តែម្ដង៕