(កំពង់ធំ)៖ ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំសំព្រោជ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការដើម្បីអភិវឌ្ឍមូលដ្ឋាន។

លោកបានបញ្ជាក់ថា វេទិកាថ្ងៃនេះ ពិតជាមានអត្ថប្រយោជន៍ក្រៃលែង ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានជួបជជែកពិភាក្សាគ្នាផ្ទាល់ និងបានស្តាប់នូវកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែង ដែលបានកើតមានឡើង លើពុកម៉ែបងប្អូនប្រជាពលរដ្ឋ។

លោកសន្យានឹងខិតខំដោះស្រាយ និងឆ្លើយតបតាមស្ថានភាពជាក់ស្ដែង និងពេលវេលាជាក់លាក់ណាមួយ ហើយក្រុមការងារនឹងជីកប្រឡាយមេមួយខ្សែកាត់ឃុំទ្រា កំពង់ចិនត្បូង និងឃុំសំព្រោជ ដើម្បីឆ្លើយតបនិងស្រោចស្រពស្រែស្រូវរបស់កសិករ និងរំដោះទឹកជំនន់ស្ទឹងស្ទោងផងដែរ និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រថែមទៀត នៅឆ្នាំ២០២៦ខាងមុខ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនៅជាប់នឹងគម្រោងសាងសង់ប្រព័ន្ធប្រឡាយមេថ្មី សូមចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីទទួលបានប្រឡាយសម្រាប់បញ្ជូន និងរំដោះទឹកជាប្រយោជន៍រួមទាំងអស់គ្នា។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជ ត្រូវប្រើប្រាស់ និងគ្រប់គ្រងបញ្ឈប់ការរំលោភបំពានដី សាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ឬកម្មសិទ្ធិផ្ទាល់ខ្លួន ដែលបាត់បង់ប្រយោជន៍រួមរបស់សាធារណជន និងប្រជាពលរដ្ឋហើយធ្វើឱ្យមាននូវអំពើអាណាធិបតេយ្យផងដែរ។

លើសពីនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់អាណាព្យាបាល ជួយជំរុញឱ្យកូនចៅខិតខំសិក្សារៀនសូត្រ ឱ្យអស់លទ្ធភាពជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការកសាងមូលធនមនុស្ស។

លោក សាយ គឹមឡម បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស គ្រូបង្រៀន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបង្ក្រាបក្មេងទំនើងឱ្យខាងតែបាន ដើម្បីរក្សាបាននូវសុវត្ថិភាព និងវប្បធម៌ដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសអនុវត្តតាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិព្រៃលិចទឹក និងជីវចម្រុះព្រមទាំងដីអភិរក្សតំបន់បី ឱ្យបានទុកជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនាន់ក្រោយគ្រប់ៗគ្នា៕