(ព្រះសីហនុ)៖ ដើម្បីកុំមានការដំឡើងថ្លៃលើសេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរ ដែលលេងកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល និងដោយទទួលបានការណែនាំពីរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ផងនោះ, លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករលក់ដូរតាមតំបន់ឆ្នេរ បន្ទប់ទឹកសាធារណៈ អាជីវករដាក់ជួលម៉ូតូទឹក ទីតាំងកម្សាន្តនានា ដែលបម្រើសេវាជូនភ្ញៀវ ត្រូវតែរក្សា សណ្តាប់ធ្នាប់ អនាម័យ ការទទួលបដិសណ្ឋារកិច្ចឱ្យបានល្អ ជាពិសេស គឺការរៀបចំតម្លៃឲ្យបានសមរម្យជូនភ្ញៀវ។

ដោយឡែក បងប្អូនដែលលក់ដូរចល័ត ត្រូវចេះរៀបចំទុកដាក់តុ កៅអីឲ្យមានរបៀប ជៀសវាងមានការដណ្តើមចាប់កន្លែង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងការលេងកម្សាន្តរបស់ភ្ញៀវ។ លោកប្រធានមន្ទីរថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបន្ទប់ទឹកលេខ១ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា បានបន្ថែមថា ចំពោះអាជីវករប្រតិបត្តិករ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ បានជំរុញឲ្យមានការចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានចំណេះដឹងបន្ថែម ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ ដែលមករកសេវាកម្មរបស់បងប្អូននៅក្នុងខេត្ត។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ទេសចរណ៍គឺទាមទារភាពស្អាត មានអនាម័យ បរិស្ថានល្អ និងមានសោភ័ណភាព។ ការរាក់ទាក់រស់រាយទាំងអស់នេះ គឺជាការចូលរួមចំណែករបស់អាជីវករ ជាមួយនឹងអាជ្ញាធរ ក្នុងការទាក់ទាញភ្ញៀវទេសចរត្រៀមទទួលភ្ញៀវ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសាកល នាបំណាច់ឆ្នាំខាងមុខនេះ៕