(កណ្ដាល)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។
អភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អភិបាលខេត្តកណ្ដាល ត្រូវកម្ចាត់រាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងកន្ទុយលេខ រឿងកម្ចីអនឡាញ និងកម្ចីពីជនបរទេស ក្រោយសកម្មភាពទាំងនោះ បាននិងកំពុងកើតមានឡើងនៅភូមិសាស្ត្រខេត្តកណ្ដាល។ ពិសេសនោះ គឺត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។
អភិបាលខេត្តកណ្ដាល បន្តថា ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើង ដើម្បីចាប់យកមកដន្ទាទោស តាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនឹងនោះទៅធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទាន់ដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន ដែលឈានឱ្យមានទោសទនៅថ្ងៃខាងមុខ។
ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា គ្រប់ល្បែងស៊ីសងទាំងអស់ រួមមានការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាមួយគ្នានេះដែរ។
លោកបានបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណាដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង សូមដកខ្លួនជាបន្ទាន់ ហើយក្នុងករណីដែលមានអាជ្ញាធរ ឬកងកម្លាំងមានសមត្ថកិច្ចណា ដែលកាងល្បែងស៊ីសង ឬបទល្មើសនានា នោះនឹងចាត់វិធានការតាមច្បាប់គ្មានការលើកលែងនិងយោគយល់ឡើង។
សូមជម្រាបថា ពាក់ព័ន្ធនឹងកម្ចីលុយក្រៅផ្លូវការពីជនបរទេស អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនជនជាតិឥណ្ឌាបានចំនួន៣៧នាក់ ក្រោយបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបង្គាប់មកលោកអភិបាលខេត្តកណ្ដាល។ រីឯក្មេងទំនើងដែលត្រូវជាប់ឃុំនៅពន្ធនាគារ មានចំនួន១៩៣នាក់ហើយ៕