(ភ្នំពេញ)៖ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិ​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជាភរិយាលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្លុកឆេនអាមេរិក Ripple Inc បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពីបំណងចង់សាងសង់វត្តខ្មែរមួយដ៏ធំនៅអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា ទុកសម្រាប់ប្រើប្រាស់ជា​ប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា និងសម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ។

ភរិយាប្រធានប្រតិបត្តិក្រុមហ៊ុនរ៉ីបផលអាមេរិក បានបញ្ជាក់ពីបំណងយ៉ាងដូចនេះ នាឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី និងក្រុមគ្រួសារចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

លោកស្រី Lyna Lam បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែរថា ក្នុងនាមជាជនជាតិខ្មែរ លោកស្រី និងក្រុមគ្រួសារ បានមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយលោកស្រី​បាននិងកំពុង​​ជំរុញការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងមរតកដូនតាខ្មែរដ៏ល្អផូរផង់សម្បូរបែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែររបស់លោកស្រីនៅសហរដ្ឋអាមេរិក។

លោកស្រី Lyna Lam ក៏បានជម្រាបជូនសម្តេចតេជោ អំពីគំនិតផ្តួចផ្តើមរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈការកសាងវត្តធំជាងគេមួយកន្លែង​នៅសហរដ្ឋអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា។ គោលបំណងសំខាន់នៃការសាងសង់វត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា, សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ, សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ ។

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី Lyna Lam និងក្រុមគ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់យើង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរយើង ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នាក្នុងនាមជាជនជាតិខ្មែរតែមួយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរលោក Chris Larsen, លោកស្រី Lyna Lam និងក្រុមគ្រួសារ ទទួលបានជោគជ័យក្នុងស្នាក់នៅកម្ពុជា និងវិលត្រឡប់ទៅសហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ព្រមទាំងមានសុខភាពល្អ សុភមង្គល និងបន្តជោគជ័យគ្រប់ភារកិច្ច៕