(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ចំនួន៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា។
បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប។
ជាលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ហើយបានសារភាពពួកគេថតវីដេអូខ្លីៗរួចបង្ហោះតាមបណ្ដាញសង្គម TikTok ចែកចាយដល់ក្រុមសមាសភាពផ្សេងទៀតឲ្យដឹងថា ក្រុមខ្លួនមានអាវុធ និងចង់បង្អួតដល់ដៃគូរផងដែរក្នុងការត្រៀមប្រយុទ្ធក្នុងកាលៈទេសៈណាមួយនៅពេលក្រោយ។
ចំពោះវីឌីអូខាងលើនេះថត និងបានបង្ហោះកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ និងដកហូតវត្ថុតាងជាក់ស្ដែងរួមមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាកIphone11 ពណ៌ខ្មៅ, កាំបិតផ្គាក់០១ដើម, ម៉ូតូ០១គ្រឿង។ ករណីខាងលើជំនាញបានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីបន្ដ៕