(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាល​​ខណ្ឌបឹងកេងកង នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​ ឆ្នាំ២០២៤​ បានបេីក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខណ្ឌ ដេីម្បី​បង្កើនកាការពារទប់ស្កាត់ក្រុមក្មេងទំនើងពង្រឹង​កិច្ច​ការ​ពារ​សន្តិសុខ​ សុខ​សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំសកល ​ព្រមទាំងត្រៀម​កម្លាំង​អន្តរាគមន៍​ បង្ការបង្ក្រាបទប់ស្កាត់​ រាល់បញ្ហាអសកម្មផ្សេងៗដែល​អាចកើត​មាន​ក្នុង​ភូមិសាស្ត្រ ខណ្ឌ។

កិច្ចប្រជុំនេះដោយមានការចូលរួមពីគណៈអភិបាល គណៈនាយក លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យទាំង១២ ចំណុះខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៧ និងលោក-លោកស្រី មេភូមិទាំង៥៤ផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕