(សៀមរាប)៖ លោកអ៊ុំស្រី សេង តាំងអ៉ឹម អាយុ៧១ឆ្នាំ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ផ្លាស់មករស់នៅលើទឹកដីក្រុងរុនតាឯកតេជោសែន បានសម្ដែងនូវការពេញចិត្ដ និងសប្បាយរីករាយយ៉ាងខ្លាំង ដែលតាំងពីលោកអ៊ុំផ្លាស់មករស់នៅទីនេះ គឺទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន និងសប្បុរសពីគ្រប់មជ្ឈដ្ឋាន។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គឺការបង្ហាញវត្ដមានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើទឹកដីអភិវឌ្ឍថ្មីក្រុងរុនតាឯកនេះ ដែលកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង និងរំភើបរីករាយក្រៃលែង រហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ខ្លះអួតដើមក ព្រោះតែមិននឹកស្មានដឹកដល់ថា សូម្បីតែអ្នកម្ដាយមនុស្សធម៌ ក៏មកផ្ដល់ភាពកក់ក្ដៅដល់កូនចៅដែលមករស់នៅលើទឹកដីបង្កើតថ្មីនេះដែរ។
លោកអ៊ុំស្រី សេង តាំងអ៉ឹម ក្នុងចំណោមប្រជាពលរដ្ឋជាង ១,៤០០គ្រួសារ ដែលបានមកជួបផ្ទាល់ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរស់នៅលើទឹកដីក្រុងរុនតាឯកតេជោសែន បានថ្លែងឱ្យដឹងថា «ខ្ញុំមានសំណាងណាស់ ដែលបានមករស់នៅលើទឹកដីរុនតាឯក រស់នៅមានក្ដីសុខ មានអាកាសធាតុល្អបរិសុទ្ធ ផ្លូវថ្នល់មុខផ្ទះក៏ស្អាត ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ»។ ហើយនៅពេលនេះទទួលបានការយកចិត្ដទុកដាក់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចុះមកសួរសុខទុក្ខ និងបានអំណោយដល់ប្រជាជនទៀត ខ្ញុំសប្បាយចិត្ដណាស់»។
ចំណែកឯប្រជាពលរដ្ឋជាច្រើនអ្នកផ្សេងទៀត ក៏បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងៗទៅនឹងលោកអ៊ុំ សេង តាំងអ៉ីមផងដែរ។
សូមជម្រាបថា ក្រុងរុនតាឯកតេជោសែន ជាក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមអនុក្រឹត្យលេខ ០០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប មានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក និងភូមិចំនួន ១៦ភូមិ ។
ក្រុងថ្មីនេះមួយនេះមានផ្ទៃដីសរុបចំនួន ១២,៤៧៧គីឡូម៉ែត្រការ៉េ ស្មើនឹង ១២,៤៧៧ ហិកតា និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ៩,៦៥៤គ្រួសារ ស្មើនឹង៣៦,៤១២នាក់ ស្រី ១៨,៧៩៤នាក់ កុមារអាយុក្រោម ០៦ឆ្នាំ មានចំនួន ២,៦៨៩ នាក់ ស្រី ១,៧១១ នាក់ កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ ១៨ឆ្នាំ មានចំនួន ៩,៩៦២ ស្រី ៤,៨៤៣នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ២៣,៥៥៨ នាក់ ស្រី ១២,១៧២នាក់។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកើនចំនួន ៥៥គ្រួសារ ស្នើនឹង ១០៩ នាក់ ស្រី ៥១នាក់។
ទីតាំងទីរួមក្រុង ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ដែលជាតំបន់អភិវឌ្ឍន៍ថ្មី បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ជាក្រុងមួយដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង និងចែកដីជូនប្រជាពលរដ្ឋរស់នៅ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប។
ត្បិតណាស់ថា ក្រុងរុនតាឯកតេជោសែន ជាក្រុងមួយដែលទើបតែបង្កើតថ្មី តែក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំតំបន់នេះឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានផ្លូវ ទឹក ភ្លើង សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ជាដើម៕