(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានបញ្ហាសង្គម និងនយោបាយ បានលើកជាទស្សនៈថា នៅពេលមហាជនបង្ហាញពីការគាំទ្រក្រមា ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយនោះ មហាជនក៏ត្រូវគាំទ្រលើការប្រើប្រាស់ផង។
ក្រមា ទើបតែត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមាមានសារៈសំខាន់ណាស់ ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។
ក្នុងវិដេអូសម្ភាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត យង់ ពៅ ក៏បានផ្តែផ្តាំទៅមហាជនជួយគាំទ្រដល់កសិផលខ្មែរផងដែរ ដោយកុំគាំទ្រតែរូបភាព។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងបានបញ្ចូលក្រមា (ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ) រួចហើយ ប៉ុន្តែកុំបញ្ចូលហើយ យើងអត់មានការគាំទ្រអី [...]។ យើងត្រូវថា ឥលូវកសិផលយើង យើងត្រូវគាំទ្រយ៉ាងម៉េច ជួយគាំទ្រយ៉ាងម៉េច កុំគាំទ្រតែរូបភាព សេលហ្វី (Selfie) ពេក [...]»។
ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមា តាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។
ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឲ្យកត់សម្គាល់។
ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុ ដែលបង្ហាញពីអត្តសញ្ញាណជាតិ។
ក្នុងនាមជាអ្នកតាមដានបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើង ករណីលោក ថាក់ស៉ីន អតីតនាយករដ្ឋមន្ត្រីថៃ ពេលទុរ៉េនថៃគាំងលក់លែងចេញ គាត់ហូបបង្ហាញគេ ហើយពេលស្វាយថៃចាក់គរចោល គាត់ហូបស្វាយបាយដំណើប ជាមួយប្អូនស្រីគាត់ យ៉ីងឡាក់។ លោកសង្ឃឹមថា បុគ្គលល្បីល្បាញខ្មែរ អាចយកករណីនេះទៅពិចារណា ដើម្បីជួយអ្វីដែលជារបស់ខ្មែរ៕