(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យលើការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីធានាលើសន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ ធ្វើយ៉ាងឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាបផ្ដើ នារសៀលថ្ងៃទី២៩ ខែធ្នូស្អែកនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងដំណើរពិនិត្យលើការរៀបចំនេះ លោក ឃួង ស្រេង បានត្រួតពិនិត្យបន្ថែមជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំសន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដើម ដើម្បីត្រៀមទទួលស្វាគមន៍ព្រឹត្តិការបាល់ទាត់មិត្តភាពនេះ។
ដើម្បីឱ្យកាន់តែមានសោភ័ណភាព និងមានអនាម័យ លោកអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេណទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោបន្ថែមទៀតផងដែរ។
សូមរំលឹកថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ តាមការគ្រោងទុក នឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពីវឌ្ឍនភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ។
លោក ឃួង ស្រេង បានលើកឡើងថា ចំពោះព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាពនៅកម្ពុជានេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសម្អាតអនាម័យបរិស្ថានជាដើម។ លោកបន្តថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការប្រកួតចំនួន២គូ៖
* គូទី១៖ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុម B។
* គូទី២៖ ក្រុមបាល់ទាត់ ស.ស.យ.ក ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុម A។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក និងក្រុមបាល់ទាត់តារាកម្ពុជាក្រុម A នៅវេលាម៉ោង៥៖០០នាទីល្ងាច៕