(ព្រះវិហារ)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លុវការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយតែងតាំងលោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ជំនួសលោក ជុំ ពុយ ដែលត្រូវចូលនិវត្តន៍ និងកំពុងបម្រើការងារជាសមាជិកក្រុមប្រឹក្សាស្រុកគូលែន។

ពិធីនេះស្ថិតក្រោមវត្តមានលោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងលោក ទែន សារ៉ុម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាងលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សស្រុកឃុំជាច្រើនរូបទៀត។

លោក ព្រហ្ម ផេង និងលោក ទែន សារ៉ុម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស និងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សដែលមានវត្តមាននៅទីនេះ។

លោកសូមចូលរួមអបអរសាទរចំពោះលោក ស៊ាប កែវជីវ៉ា ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី នាពេលនេះ។

លោកបានថ្លែងផ្តាំផ្ញើលោក ស៊ាប កែវជីវ៉ា ដែលទើបទទួលបានការតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចទ្វេរដង រក្សាសាមគ្គីភាព ឯកភាពផ្តៃក្នុងរបស់គណបក្សស្រុក គណបក្សឃុំ ស្របតាមការណែនាំរបស់ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ក៏ដូចជាចុះតាមខ្នងផ្ទះដើម្បីចង់ដឹងពីសុខទុក្ខរបស់សមាជិកបក្ស និងមានវិធានការជួយបានទាន់ពេលវេលា។

ដើម្បីជាការដឹងគុណចំពោះការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន លោក ស៊ាប កែវជីវ៉ា បានថ្លែងប្តេជ្ញាចិត្តដូចខាងក្រោម៖

* អនុវត្តឱ្យបានខ្ជាប់ខ្លួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
*យកអស់កម្លាំងកាយ បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាងអនុវត្តយ៉ាងសកម្មមោះមុត រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយគណបក្ស និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជោគជ័យ និងយកចិត្តទុកដាក់ពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់ រចនាសម្ព័ន្ធក្បាលម៉ាសុីនដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងយន្តការគណបក្សខេត្ត និងសាខាបក្សភូមិ ក្រុមបក្ស ធានាបានទាំងបរិមាណនិងគុណភាព ដើម្បីបុព្វហេតុដ៍ឧត្តុង្គឧត្តមរបស់គណបក្ស។
*ចូលរួមពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្តៃក្នុងដែលជាស្នូលដ៍រឹងមាំរបស់គណបក្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» និងប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ណែនាំតម្រង់ទិស តាមដានវាយតម្លៃ និងពង្រឹងជាប់ជាប្រចាំរបៀបរបបការងាររបបប្រជុំ ត្រួតពិនិត្យ និងរបបរាយការណ៍ បន្តចិញ្ចឹមចលនាគណបក្សនៅតាមមូលដ្ឋាន ដើម្បផ្សាភ្ជាប់ជាមួយប្រជាជន និងមហាជន។
*ចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា៕