(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកស្រី យស ថានារី សមាជិករដ្ឋសភា និងលោកស្រី សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសម្ពោធអគារ សិក្សា១ខ្នង៥បន្ទប់និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅបឋម-អនុវិទ្យាល័យកប់ថ្លុក ឃុំដំរីស្លាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា ការដាក់សម្ពោធអគារនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការសម្ដែងចេញកាយវិការមនុស្សធម៌ដ៏ល្អ ប្រពៃដើម្បី ជួយដល់ក្មួយៗសិស្សានុសិស្ស ដែលបានរស់នៅតំបន់ដាច់ជនបទក្នុងការទទួលបាននូវសាលារៀនថ្មីរួមទាំងសម្ភារសិក្សាជាច្រើនទៀត ដែលបានធ្វើឱ្យក្មួយៗមានការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមនៅក្នុងជីវិត។

លោកស្រីបានសម្ដែងនូវការអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា និងផ្ដល់ជូននូវសម្ភារសិក្សាផ្សេងៗជាច្រើនទៀត ជូនដល់អនុវិទ្យាល័យកប់ថ្លុក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ជំនួយដែលបានជួយដល់ឃុំស្រុកកំពង់ស្វាយក៏ដូចជាខេត្តកំពង់ធំ។

លោកស្រីបន្ថែមថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងជំរុញយ៉ាងខ្លាំងដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោកស្រី ឃួន ឃុនឌី សូមឲ្យលោកគ្រូអ្នកគ្រូសហគមន៍ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាការពារសាលារៀននេះឱ្យល្អស្អាតសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយបានចូលរៀន និងរៀបចំកែលម្អសួនដាំបន្លែ និងព័ទ្ធរបងជុំវិញសាលាពិសេសធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ពិសេសត្រូវចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា។

តាមការបញ្ជាក់ពីលោកស្រី យឹង ហ៊ាប បានឲ្យដឹងថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា តុគ្រូ តុសិស្ស កៅអីសិស្ស និងបន្ទប់ទឹក ជាគម្រោងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការដោយគម្រោង កែលម្អអប់រំចំណេះទូទៅ (GIEP ដែលបានប្រភពថវិកាពីធនាគារពិភពលោក ចំណាយថវិកាអស់ ៨២,៩០៨ដុល្លារ)៕