(កំពត)៖ អតីតមន្ត្រីគណបក្សប្រឆាំងនៅស្រុកបន្ទាយមាស ខេត្តកំពត បានចេញវីដេអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
អតីតសមាជិកបក្សប្រឆាំងទាំងនោះ បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចមិនអាចបំភ្លេចនូវគុណូបការៈ និងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាព នៃកម្ពុជា។ ដោយយើងខ្ញុំទាំងអស់គ្នាសូមផ្ដាច់ជ្ញាគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំកម្ពុជា តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចំរើន នៃសង្គមជាតិដើម្បីសេចក្តីសុខ និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសជាដាច់ខាតចំពោះក្រុមអ្នកនយោបាយជ្រុលនិយមជាពិសេស ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិបីជំនាន់ដែលបានប្រកាសចេញនៅគោលនយោបាយផ្ការីក តាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងឈានទៅដល់ការបង្កចលាចលនៅក្នុងសង្គមជាតិកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញា រួមគ្នា សាមគ្គីគ្នា ទប់ស្កាត់នយោបាយជ្រុលនិយម តាមបែបបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខដឹកនាំ៕