(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិសរុបជិត ១,០០០នាក់ នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដែលបានស្ម័គ្រចិត្ត ចូលរួមយុទ្ធនាការ បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា នេះជាលើកទី៧ហើយ ដែលប៊ែលធី គ្រុប បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាគឈាមលើកទី៧នេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ គឺចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ ម៉ោង ៥:០០ល្ងាច ដោយមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃប៊ែលធី គ្រុប ព្រមទាំង យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានស្ម័គ្រចិត្តចុះឈ្មោះរួចចំនួន ៨១៤នាក់ និងកំពុងបន្តចុះឈ្មោះបរិច្ចាគឈាមជាបន្តបន្ទាប់ទៀត។
លោកបានគូសបញ្ជាក់បន្ថែមថា កម្មវិធីបរិច្ចាគឈាមនេះ បានក្លាយទៅជាវប្បធម៌ដ៏ល្អ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប៊ែលធី គ្រុប ផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធីទាំងអស់ ដែលតែងតែចូលរួមគាំទ្រ និងធ្វើអំណោយទានជីវិត តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនយកកម្រៃ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ ដល់សុខភាពនោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ដូចជា កាត់បន្ថយហានិភ័យ នៃជំងឺមហារីកនានា កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ជាពិសេសបានរួមចំណែកសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គមជាតិ ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃប៊ែលធី គ្រុបទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម បរិច្ចាគឈាម តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកបណ្ឌិត បានមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ជាការបង្ហាញ ទឹកចិត្តនៃការស្រឡាញ់ និងជាការផ្តល់ទឹកចិត្តមេត្តា ករុណា ក្នុងការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺនានាដែល ត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។
លោកបណ្ឌិត ក៏បានជម្រាបជូនផងដែរថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយ របស់សមាគមសប្បុរសធម៌ប៊ែលធី (BELTEI Charity Association) ដែល ប៊ែលធី គ្រុប បង្កើតឡើងក្នុង គោលបំណងចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសហគមន៍ដែលជួបការលំបាក តាមរយៈការចូលរួមកិច្ចការសង្គម ការងារមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដូចជា ការជួយឧបត្ថម្ភដល់ប្រជាជនងាយរងគ្រោះ គ្រួសារខ្វះខាត ឬជួបការលំបាក ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីទើបសម្រាលកូន និងការផ្តល់ជំនួយសង្រ្គោះបន្ទាន់ផ្សេងៗជាច្រើនទៀត និងមានពាក្យស្លោករបស់ខ្លួនគឺ «ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយសីលធម៌ និងគុណធម៌» «Education has to be in conjunction with morality and virtue»។
ជាទីបញ្ចប់ លោកបណ្ឌិត បានអំពាវនាវដល់សប្បុរសជននានា សូមបន្តគាំទ្រ និងចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតឱ្យបានផុលផុសនៅទូទាំងប្រទេស៕