(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៩៦៦ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលមានក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ ជាក្រុម BP បាននាំគ្នាប្រមូលផ្តុំយ៉ាងអណាធិបតេយ្យ នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ក្រោយសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើហើយ ឃាត់ខ្លួនបានជនសង្ស័យ ទាំង៦នាក់

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន កាំបិតផ្កាក់ ចំនួន៣ដើម, កាំបិតកថ្មបាក់ដង ចំនួន១ដើម, កាំបិតប៉័ងតោ ចំនួន១ដើម, ដាវ ចំនួន១ដើម, ដែកទីប ចំនួន១ដើម និងស្នាប់ដៃ ចំនួន១។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ត្រូវជាឪពុករបស់ក្មេងទំនើងម្នាក់ បានកាន់កាំបិតផ្គាក់ ចំនួន១ដើម ចេញមកក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង៧នាក់ តាមនីតិវិធីច្បាប់រួចមក តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង៧នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៕