(កំពង់ធំ)៖ លោក អ៊ា ឃីម៉េង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ប្រធានក្រុមការការងារគណៈបក្សចុះមូលដ្ឋានឃុំជ្រលង បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សចំនួន៩០រូបបន្ថែមថ្មី នៅទីស្នាក់ការគណបក្សឃុំជ្រលង ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមការងារថ្នាក់កណ្តាល សមាជិក-សមាជិកាគណបក្សឃុំនិងស្រុក សរុបប្រមាណ១២០នាក់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
លោក អ៊ា ឃីម៉េង បានស្វាគមន៍សមាជិកបក្សថ្មី និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានរំលឹកអំពីការតស៊ូលះបង់ក្នុងបុព្វហេតុជាតិជាច្រើនរបស់គណៈបក្សប្រជាជនកម្ពុជា ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ រួមមាន៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ឱ្យរួចផុតពីជំងឺកូវីដ១៩។
លោកអនុប្រធានបានបន្តថា ក្នុងរយៈកាលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបង្កើតនូវស្នាដៃនិងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំដ៏គួរឲ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិ និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
លោក អ៊ា ឃីម៉េង បានលើកឡើងកត្តាសំខាន់៣សម្រាប់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងសាខាគណបក្សនៃគណៈកម្មាធិការគណបក្សឃុំ ត្រូវអនុវត្ត៖
១៖ ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
២៖ ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស
៣៖ ក្នុងនាមជាមន្ត្រីគណបក្សត្រូវបន្តចូលរួមគាំទ្រនិងអនុវត្តរាល់គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា។
លោក អ៊ា ឃីម៉េង ក៏បានស្នើឱ្យសមាជិក-សមាជិកាបក្សទាំងចាស់-ថ្មីត្រូវខិតខំអភិវឌ្ឍចំណេះដឹង និងកសាងសមត្ថភាពឲ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើន។
សូមជម្រាបថា កម្មវិធីនាព្រឹកនេះក៏មានការឡើងអានពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកគណបក្សថ្មី ព្រមទាំងការអានសេចក្តីសម្រេចយល់ព្រមបញ្ចូលជាសមាជិកគណបក្សនៃគណៈកម្មាធិការគណបក្សឃុំ ដោយតំណាងប្រធានគណៈកម្មាធិការគណបក្សឃុំជ្រលងផងដែរ៕