(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ជូនដល់ពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាលខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីជាច្រើនរូបទៀតមកពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រួមទាំង មានចូលរួមពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ។

ជាកិច្ចចាប់ផ្ដើមលោកស្រី ម៉ែន នារីសោភ័គ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកជាពន់ពេក របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ជូនដល់បងប្អូនដែលជាជនមានពិការភាពនៅក្នុងសមាគមទាំងអស់។

លោកស្រីបានថ្លែងថា «កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋយើងទាំងអស់ មិនថាតែជនមានពិការភាពនោះទេ»។

លោកស្រីបានថ្លែងបន្ដថា ថ្ងៃនេះក្រៅចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់សមាគម គឺមានរៀបចំអាហារសាមគ្គីមួយពេលដ៏ឈ្ងុយឆ្ងាញ់ផងដែរ ដើម្បីអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ២៩ធ្នូ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥។

ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត ពិសេសការខិតខំរៀនសូត្រ ត្បិតតែមានពិការភាព តែកូនក្មួយបានខិតខំសិក្សារៀនសូត្រ ខ្លះឈានទៅបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមការជួយឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

មុននឹងបញ្ចប់ពិធីសំណេះសំណាល លោកស្រី ម៉ែន នារីសោភ័គ ក៏បានអំពាវនាវដល់ជនមានពិការភាព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ តិចបំបិល តិចស្ក តិចខ្លាំង ដើម្បីការពារខ្លួនពីជំងឺមិនឆ្លងផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ផ្លូវដង្ហើម និងមហារីកជាដើម ដែលជំងឺកំពុងជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

លើសពីនោះលោកស្រី ក៏មិនភ្លេចផងដែរ អំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនកូនទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា និងប្រៀបប្រដៅកូនឱ្យមានសីលធម៌ សុជីវធម៌ ចាកឆ្ងាយពីគ្រឿង និងក្មេងទំនើងជាដើម។

សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មានទីតាំង ៤ទីតាំង គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ចាម ហើយសមាគមគឺត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។

ដោយសារសមាគមខាងលើនេះ ទើបនឹងបង្កើតថ្មី និងជាជនមានពិការភាពផងដែរនោះ ទើបធ្វើឱ្យជនមានពិការភាព ជួបប្រទះនូវការលំបាកខាងផ្នែកជីវភាពរស់នៅ ដូច្នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូនដល់សមាគមនេះចំនួន ២ដង ក្នុងមួយឆ្នាំ។ សម្រាប់អំណោយរួមមាន៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ៦០ដប, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈ ១០កេស, ស្ករស ២៥គីឡូក្រាម និងថវិកា ៥លានរៀល៕