(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អ៉ីម៉ាំ គ្រូគង្វាល ក្រុមជំនុំមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់គ្រីស្ទបរិស័ទ

ការលើកឡើងបែបនេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទតំណាង២៥រាជធានី-ខេត្ត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងល្អរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រាជធានី ខេត្តនិងវិស័យសាសនា ដើម្បីផ្តល់ឱកាសឱ្យវិស័យសាសនាអាចចូលរួមការងារសង្គមពិសេសការងារផ្សព្វផ្សាយព័ត៌មានពិតពីបញ្ហាគ្រឿងញៀនដល់បរិស័ទរបស់ខ្លួន។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាអំណរគុណដល់ថ្នាក់ដឹកនាំតំណាងពីរាជធានីខេត្តទាំង២៥ នៃក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទកម្ពុជា ដែលបានមកចូលរួមសិក្សាស្វែងយល់ ចាប់យកចំណេះដឹង ការចែករម្លែកបទពិសោធន៍ពីសិក្ខាសាលាក្នុងគោលបំណងរួមគ្នាជួយសហគមន៍យើងឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀនដែលជាដើមចមនៃបទល្មើសផ្សេងៗ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងនោះការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ដែលតម្រូវឱ្យគ្រប់សមាសភាពទាំងអស់ត្រូវរួមគ្នាបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនហើយសារអប់រំនេះនឹងរីកសាយបានដរាបណាមានការចូលរួមពីគ្រប់សមាសភាពទាំងអស់និយាយជារួមនិងនិយាយដោយគ្រីស្ទបរិស័ទគឺតាមរយៈអ៉ីម៉ាំ ក្រុមជំនុំ និងគ្រូគង្វាលពិតជាអាចជួយបាននូវការងារផ្សព្វផ្សាយផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជាបំផុសឱ្យមានការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនបានដោយសារពួកគាត់ជាអ្នកចុះធ្វើការងារជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅតាមគេហដ្ឋានមូលដ្ឋាន «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន»

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug៕