(ភ្នំពេញ)៖ ដោយបន្ដការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន៧នាក់ ដែលប្រើដាវកែច្នៃកាប់ម៉ូតូគូទំនាស់បណ្ដាលឲ្យរងការខូចខាត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង៧នាក់នេះ បានធ្វើសកម្មភាពកាប់ម៉ូតូអ្នកដទៃ នៅថ្ងៃទី២៧ ខែធ្នូម្សិលមិញ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមថា ហេតុការណ៍នេះ បង្កដោយក្មេងទំនើង៨នាក់ (៧នាក់ចាប់ខ្លួន និងម្នាក់រត់គេច) បណ្ដាលឲ្យខូចខាតម៉ូតូមួយគ្រឿង ម៉ាក់និចពណ៌ខៀវលាយស ឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1KX-3743។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ កំពុងធ្វើការសាកសួរ និងអនុវត្តនីតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល៕