(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥ នៅទីស្នាក់សាខាខេត្ត។

បន្ទាប់ពីបានស្តាប់បាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់សាខា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល១២ខែ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គម មានដំណើរការល្អប្រសើរ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ក៏ដូចជាការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា»។

លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបានក្នុងការអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា៕