(បាត់ដំបង)៖ អ្នកផលិត និងអ្នកនិយមប្រើប្រាស់កសិផលសុវត្ថិភាព បានជួបគ្នាក្នុងទិវាជំនួបអ្នកប្រើប្រាស់ ដែលបានរៀបចំឡើងជាលើកដំបូង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីលើកកម្ពស់ការប្រើប្រាស់កសិផលសុវត្ថិភាព និងបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ ចំពោះកសិផលសុវត្ថិភាព ដែលមានសារសំខាន់សម្រាប់សុខភាព និងបង្កើនគុណតម្លៃលើកសិផលសុវត្ថិភាព។
កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលបណ្តាញ AliSEA សហការជាមួយសមាគមនិរន្តរភាពដីដើម្បីជីវិត (SSLA) ក្នុងការរៀបចំទិវាជំនួបអ្នកប្រើប្រាស់នេះឡើង។ ព្រឹត្តិការណ៍នេះ គឺជាឱកាសល្អមួយដែលប្រមូលផ្ដុំ ដោយអ្នកទិញ អ្នកផលិត សហគមន៍កសិកម្ម និង អង្គការសង្គមស៊ីវិល និងមានការចូលរួមដាក់តាំងបង្ហាញកសិផលសុវត្ថិភាពនានា។
កញ្ញាបន្តថា តាមរយៈទិវានេះ អ្នកប្រើប្រាស់នឹងមានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកផលិតដោយផ្ទាល់ ដើម្បីដឹងអាចទំនាក់ទំនងទិញ នាពេលខាងមុខផងដែរ។ ការគាំទ្ររបស់អ្នកប្រើប្រាស់ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញអ្នកផលិតផលឱ្យបន្តផលិតផលិតផលសុវត្ថិភាព និងបង្កើនជីវភាពកសិករ។
លោក តូច ចំរើន ប្រធានកម្មវិធីនៃសមាគមនិរន្តរភាពដី ដើម្បីជីវីតបានលើកឡើងថា ការប្រើប្រាស់កសិផលសុវត្ថិភាព មិនត្រឹមតែជួយទៅដល់សុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបានបានជួយទៅដល់សុខភាពដី និងអ្នកផលិត ព្រមទាំងជួយទៅដល់បរិស្ថាន។
លោកបានឱ្យដឹងផងដែរថា នៅរយៈពេលពីរឆ្នាំចុងក្រោយនេះ កសិករកម្ពុជាហាក់មានការយល់ដឹងច្រើន ទាក់ទងនឹងការផលិតនូវកសិផលសុវត្ថិភាព ដែលធ្វើឱ្យការដាំដុះផលិតផលសុវត្ថិភាព កាន់ទូលំទូលាយជាងមុន ព្រោះធ្វើឱ្យពួកគាត់មានសុខភាពល្អជាងមុន មិនសូវមានជំងឺឈឺថ្កាត់ និងមិនសូវចំណាយច្រើនទៅលើធាតុចូលកសិកម្មមួយចំនួន នៅលើទីផ្សារ តាមរយៈការចេះផលិតថ្នាំ ឬជី ដោយខ្លួនឯង។
លោក ចន សុខា សមាជិកសមាគមអ្នកប្រើប្រាស់វិស័យសុវត្ថិភាព ចំណីអាហារ បានកត់សម្គាស់ថា កំណើនអ្នកប្រើប្រាស់កសិផលសុវត្ថិភាព ហាក់កើនឡើងច្រើន ស្របពេលដែលចំណីអាហារសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ មានការផលិតច្រើន និងងាយស្រួលរកទិញជាងមុន ទាំងតាមអនឡាញ តាមហាងនានា និងតាមផ្សារចុងសប្តាហ៍។ ស្របពេលដែលការផលិតកាន់តែមានស្តង់ដារ បែបអន្តរជាតិ អ្នកដែលមានជីវភាពធូធារមួយចំនួនបានចាប់ផ្តើមងាក មកប្រើប្រាស់ផលិតផល ដែលមានស្តង់ដារសុវត្ថិភាពវិញ បើទោះបីជាតម្លៃខ្ពស់ជាងបន្លែគីមីក៏ដោយ។
តែយ៉ាងនេះក្តី លោកកត់សម្គាស់ថា ចំណេះដឹងរបស់អ្នកប្រើប្រាស់មួយចំនួន ទៅលើចំណីអាហារសុវត្ថិភាព ហាក់នៅមានកម្រិត។ ដូច្នេះហើយសមាគមបានសហការជាមួយអង្គការក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរដែនដី ដើម្បីជួយជំរុញការផ្សព្វផ្សាយ ដល់ពលរដ្ឋឱ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ ជាពិសេសស្រ្តីមេផ្ទះ និងមេចុងភៅនៅតាមបណ្តាងហាង ឬភោជនីយដ្ឋាន។ ទន្ទឹមគ្នានេះ ការរៀបចំទិវាជំនួបអ្នកប្រើប្រាស់នាពេលនេះ គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយទៅដល់មហាជន ជាពិសេសស្រ្តីមេផ្ទះ និងមេចុងភៅឱ្យចាប់អារម្មណ៍មកកសិផលសុវត្ថិភាព។
អ្នកស្រី ហូរ ពេញ កសិករនៅភូមិចំការអូរ ដែលបានយកកសិផលជាច្រើនមុខមកលក់ក្នុងទិវានេះ ដែលមានដូចជា ស្លឹកគ្រៃ ជី ស្ពៃ សណ្តែកកួរ មៀនប៉ៃលិន និង ក្រូចពោធិ៍សាត់ជាដើម ចាប់អារម្មណ៍ថា អ្នកប្រើប្រាស់ ឬអ្នកបរិភោគ ភាគច្រើនបានចូលចិត្តកសិផលសុវត្ថិភាព ។ ជាក់ស្តែងកន្លងមកពេលដែលអ្នកស្រីយកមកដាក់លក់នៅផ្សារចុងសប្តាហ៍ គឺតែងតែមានអ្នកមកទិញទុកសម្រាប់ប្រើប្រាស់ពេញមួយសប្តាហ៍ ព្រោះពួកគេយល់ថា ការបរិភោគកសិផលដែលមានសារធាតុគីមី ឬមិនមានប្រភពច្បាស់លាស់នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព៕