(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា តាមរយៈការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីគុណតម្លៃនៃសន្តិភាពពេញលេញ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ និងពួកជ្រុលនិយមដោយជោគជ័យ ក្នុងពេលបច្ចុប្បបន្ន និងតទៅអនាគត។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នាវិមានឈ្នះឈ្នះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមរយៈការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីគុណតម្លៃនៃសន្តិភាពពេញលេញ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ និងពួកជ្រុលនិយមដោយជោគជ័យ ក្នុងពេលបច្ចុប្បបន្ន និងតទៅអនាគត»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ជាក់ស្តែងវិមានឈ្នះឈ្នះ បានឈរជានិមិត្តរូប នៃសន្តិភាពពេញលេញ និងបង្ហាញពីវីរៈភាពនៃការរម្លឹកពីការធ្វើពលីកម្មរបស់វីរជនកម្ពុជា ព្រមទាំងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសកម្ពុជា ក្នុងសម័យសន្តិភាព តាមរយៈការផ្សព្វផ្សាយទូលំទូលាយនូវគុណតម្លៃនៃសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា គុណតម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាក់ស្តែងតាមរយៈការធ្វើបទសម្ភាសន៍ពីសំណាក់ប្រជាជនកម្ពុជា​ដោយពួកគាត់បានប្រកាស និងផ្តល់តម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដឹងគុណបំណាចមិនអាចកាត់ថ្លៃបានពីសំណាក់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីការទទួលផលនៃសន្តិភាព, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេសនៅតែបន្តគាំទ្រ និងជាក់ឥតងាករេចំពោះសន្តិភាពដែលប្រសូត្រចេញពីការលះបង់ និងបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះ បងប្អូនប្រជាពលរដ្ឋនៅតែប្តេជ្ញាចិត្តគាំទ្រ និងជឿទុកចិត្តចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានតម្កល់ និងកម្ពស់គុណតម្លៃ ការរួបរួមសាមគ្គីជាតិជាធ្លុងមួយ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ៕