(កំពត)៖ លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងលោក ឡេង វិបុលប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ។

ជាកិច្ចចាប់ផ្តើមលោក មាស បូរ៉ាត់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងបូកគោ បានឡើងអានរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សក្រុងបូកគោ ដែលធ្វើសកម្មភាពតាមខែនីមួយៗ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន សុខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សមាជិកគណៈកម្មាធិការយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ និងបានកោតសរសើរ វាយតម្លៃចំពោះ ថ្នាក់ដឹកនាំសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងកំពត ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្ម័គ្រចិត្តមកជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។

លោក ហ៊ុន សុខា បានអំពាវនាវក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោទាំងអស់ ត្រូវបំពេញការងារជាមួយគ្នា ក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍន៍សមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។

លោក ឡេង វិបុល ប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោ ក៏បានរំលឹកកោតសសើរដល់យុវជនគណបក្សក្រុងបូកគោដោយសារក្រុងកំពតជាក្រុងកូនពៅ ដែលទើបនឹងបង្កើតបានធ្វើសកម្មភាពការងាររហូតដល់១៧៧ដង ក្នុងរយៈពេល១២ ខែកន្លងទៅនេះ ដែលត្រូវចំណាយថវិកាសរុបពីការចូលរួមពីសមាជិកបក្សដល់ទៅ ២,៦៣០០,០០០រៀល ជាការលះបង់សម្រាប់ជួយក្នុងការជួបទុក្ខលំបាករបស់ពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានណែនាំចៅសង្កាត់ទាំង៣ ត្រូវយកចិត្តទុកដាក់ជាមួយយុវជនគណបក្ស ព្រោះយុវជនជាស្នូលដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ពោលត្រូវអនុវត្តគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕