(ភ្នំពេញ)៖ ព្យាយាមហាត់សមដោយស្នាមញញឺម យុវជន យុវតី ៤រូប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ខ្លួនមានភាពសប្បាយរីករាយ និងមានមោទនភាពជាតិ ចំពោះព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំជាលើកដំបូងបង្អស់សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។
ជានិស្សិតមកពីសាកលវិទ្យា វិទ្យាស្ថានផ្សេងៗគ្នា បានចំណាយពេលវេលារបស់ខ្លួនចូលរួមជាក្រុមការងារស្ម័គ្រចិត្ត ដើម្បីដង្ហែរក្បួនក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» បង្ហាញទៅកាន់សាធារណជនអំពីបេតិកភណ្ឌជាតិ វប្បធម៌ អត្តសញ្ញាណខ្មែរ និងសមិទ្ធផលជាច្រើនទៀត ដែលជាសរសៃរឈាមរបស់សង្គម។
សូមជម្រាបថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។
សាទរកម្ពុជា ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនបងប្អូន អ៊ំពូមីង តាយាយទៅទស្សនាកំសាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ២០២៥ ផងដែរ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ៕