(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានបញ្ចូលសមាជិកថ្មី ១១៤នាក់ ស្រី ៥៣នាក់។ ពិធីនេះធ្វើឡើងថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉ិច សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ​ងារ​គណបក្សចុះមូលដ្ឋានឃុំទ្រៀល។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ប៉ិច សុខា បានពាំនាំនូវការសួរសុខទុក្ខ និង​ការ​ផ្ញើក្ដីរលឹកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណ​បក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សមាជិក​អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងទេសរដ្ឋមន្ត្រី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ​ងារគណ​បក្សចុះមូលដ្ឋានស្រុកតាំងគោក និងលោក ឈាង វណ្ណារិទ្ធ សមាជិកគណៈ​កម្មា​ធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋាន​ស្រុក​តាំងគោក។

លោកបានបន្តថា ឆ្នាំនេះជាខួបលើកទី៧៣ នៃការបង្កើត​គណបក្សប្រជា​ជន​កម្ពុជា (២៨ មិថុនា ១៩៥១) ដែលមានឈ្មោះដើមថា «បក្សប្រជាជន​បដិ​វត្តន៍​ខ្មែរ»។ ចាប់ពីពេលបដិសន្ធិមក គណបក្សប្រកាន់ខ្ជាប់នូវគោលបំណង​របស់​ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដែលមានឧត្តម​គតិស្នេហា​ជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់​ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ មាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព​សង្គម។ គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខ រួមទុក្ខជាមួយ​ប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ។

លោក ប៉ិច សុខា បានគូសរំលេចទៀតថា ឆ្លងកាត់រយៈពេលជាង ៤០ឆ្នាំ នៃការតស៊ូសង្គ្រោះជាតិ ការស្តារ កសាង និងការពារ មាតុភូមិ គណបក្សដក​ស្រង់​បានបណ្តាមេរៀនជាប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់បំផុតសម្រាប់​អនាគត​របស់ជាតិ មាតុភូមិ ដូចខាងក្រោម៖
ទី១៖ ការដឹកនាំខាងនយោបាយបានត្រឹមត្រូវ គឺជាកត្តាចម្បងនៃជ័យជម្នះ​របស់​ប្រជាជាតិ។
ទី២៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុង​ការ​កសាង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការ​ដឹក​នាំនយោបាយក្នុងសង្គមជាតិ។
ទី៣៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិឈ្នះ បើបែកបាក់សាមគ្គីភាព គឺមានតែបរាជ័យប៉ុណ្ណោះ។
ទី៤៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់កា​រ​អភិវឌ្ឍ ហើយផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានា និង ពង្រឹងសន្តិភាព និងស្ថិរ​ភាព​សង្គម។ គណបក្សដែលជាស្ថាបនិកនៃសន្តិភាព ជាអ្នកជ្រោងទង់អភិវឌ្ឍន៍ យើងយល់យ៉ាង ច្បាស់អំពីតម្លៃនៃសន្តិភាព និងស្ថិរភាព ប្រកាន់ជំហរ​ដាច់​ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ឱ្យបានរឹងមាំ ស្ថិតស្ថេរ ទោះបីជាត្រូវ​បង់​ដោយតម្លៃណាក្តី។
ទី៥៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មន​សិ​ការ និងការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព​ទឹក​ដីរបស់យើងឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះ​មុខ​កា​ររំលោភបំពានណាពីខាងក្រៅ។
ទី៦៖ នៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនត្រូវប្រកាន់ខ្ជាប់នូវ​ជំហរជា​អ្នក​ធ្វើជាម្ចាស់របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែង​របស់ខ្លួន។
ទី៧៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ​ប្រទេស​ជិតខាង ភូមិផងរបងជាមួយ ក៏ដូចជាមួយបណ្តាប្រទេសលើ​ពិភព​លោក ដោយមិនប្រកាន់របបនយោបាយ ជាកត្តាសំខាន់មិនអាចខ្វះបាន ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍អព្យាក្រឹត សន្តិសហ​វិជ្ជ​មាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានាដល់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពរបស់ជាតិយើង។

លោក ប៉ិច សុខា បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា បាន​កា​​រពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបាន​ធានា​ដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ឱ្យ​មានការរីកចម្រើន សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ​ប្រែ​ក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប​ទៅ​ជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នាឆ្នាំ២០៥០៕