(ព្រះវិហារ)៖ ក្រុមក្មេងទំនើងចំនួន៤នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ម៉ូតូកែច្នៃបំពងសម្លេងឮខ្លាំង និងប្រើប្រាស់ដាវកាំបិត ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងការិយាល័យជំនាញ និងអធិការនគរបាលក្រុង-ស្រុក ត្រូវបង្ក្រាបក្មេងទំនើងឲ្យមានប្រសិទ្ធិភាព ដោយគ្មានការលើកលែងជាដាច់ខាត។
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករវៀង បានល្បាតតាមភូមិសាស្ត្រទទួលខុសត្រូវ ឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន៤នាក់ ដែលជាមុខសញ្ញាកែច្នៃម៉ូតូបំពងសម្លេងឮខ្លាំង និងជាមុខសញ្ញាប្រើប្រាស់ដាវ និងកាំបិទ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្រោយពីបានឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងទាំង៤នាក់នេះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានទាំង៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូកែច្នៃចំនួន២គ្រឿង និងដាវចំនួន០១ដើម។ ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕