(ព្រះវិហារ)៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ធ្វើការស៉ើបអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ ដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនធំ។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត លោកបានដឹកនាំកម្លាំងស៉ើបអង្កេត និងឈានដល់ការឆែកឆេផ្ទះមួយកន្លែងស្ថិតនៅភូមិអូពោធិ ឃុំរមណី ស្រុករវៀង ជាមួយការឃាត់ខ្លួនមនុស្ស២នាក់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុងរួមមាន ម្សៅក្រាមសថ្លាចំនួន៥កញ្ចប់ធំ, ម៉ូតូចំនួន៣គ្រឿង, បន្ទះសូលែតូចធំចំនួន៥បន្ទះ, អាគុយ៧០ទៅ១០០អំពែ ចំនួន៨អាគុយ, ម៉ូទ័របូមទឹកចំនួន៣, ម៉ូទ័បុកនិងស្វានចំនួន២, ក្បាំងម៉ូតូចំនួន២គូ, បូមម៉ូតូចំនួន១គូ, ម៉ាស៊ីនកាត់ស្មៅចំនួន២គ្រឿង, ព្រមទាំងខ្សែភ្លើង និងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕