(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលើកឡើងថា ការប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» គឺជាការរំលឹកដល់ការបញ្ចប់សង្រ្គាមទាំងស្រុង និងកសាងបានសន្តិភាព និងឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោកបានលើកឡើងបែបនេះនៅក្នុងកិច្ចសន្ទនាពិសេសជាមួយបណ្ដាញព័ត៌មាន Fresh News។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃទស្សនរបស់លោក ថុង ម៉េងដាវិត ជុំវិញការប្រធានបទ កម្ពុជាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពលើកទី១» ខណៈពិភពលោកកំពុងជួបប្រទះភាពជ្រួលច្របល់ និងអស្ថិរភាព ដូចតទៅ៖

ឆ្នាំ១៩៩៨ គឺជាចំណុចរបត់ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដោយសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់មុតមាំទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កំណែទម្រង់អភិបាលកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងថា្នក់តំបន់ និងសកលដូចជាអាស៊ាន អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចសកល និងតំបន់ជាច្រើន។

ក្នុងនាមជារដ្ឋអធិបតេយ្យ សន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការបង្រួបបង្រួមជាតិ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន។ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេច កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែង និងបានបង្កើតប្រព័ន្ធអេកូសន្តិភាពដ៏រឹងមាំ ដែលបានធ្វើឱ្យកម្ពុជាមានសុខដុមរមនាសង្គម និងឯកភាពជាតិ ក៏ដូចជាការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច ដោយបានកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរឹងមាំជាង៧% ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។

ជាអាទិ៍សេដ្ឋកិច្ច និងផលិតផលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងជាមធ្យម ៧% ប្រចាំឆ្នាំ ដោយកើនពី ២៤៤ដុល្លារ ក្នុងឆ្នាំ១៩៩៣ មក ១,៨៨៦ដុល្លារ ក្នុងឆ្នាំ២០២៣។

• ខឿនគ្រឹះសំខាន់នៃនយោបាយឈ្នះ-ឈ្នះ

ការបញ្ចប់សង្រ្គាមនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសន្តិភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទេសន៍ឯក។ ការបញ្ចប់សង្រ្គាមនេះ មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដោយការអនុវត្តការបញ្ចប់សង្រ្គាម ទាមទារនូវការដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្រ្តជាមួយគ្នា ពីព្រោះថាព្រឹត្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

មូលដ្ឋានគ្រឹះសំខាន់ៗរបស់យុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺការធានា៣យ៉ាង គឺ ១/ ការធានារូបកាយ និងអាយុជីវិត, ២/ ការធានាអាជីព និងមុខរបរ និង៣/ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនាទ្រព្យ និងអចលនាទ្រព្យ ដែលនេះជាដំណោះស្រាយឈ្នះ-ឈ្នះ ដើម្បីការបង្កើតឡើងនូវសន្តិភាពសម្រាប់កម្ពុជា ហើយបង្កើតឡើងដោយជនរងគ្រោះដោយសារសង្រ្គាម។ យុទ្ធសាស្រ្តឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្រ្តនយោបាយគួបផ្សំជាមួយនឹងយោធា ដែលបានប្រយុទ្ធសាស្រ្តតស៊ូដើម្បីឈានទៅរកនិងទទួលបាននូវសន្តិភាពដោយកម្លាំងកម្ពុជាខ្លួនឯង បញ្ចៀសមិនមានការប្រើប្រាស់អាវុធវាយប្រហារគ្នា។

យុទ្ធសាស្រ្តឈ្នះ-ឈ្នះ គឺជាការបើកទ្វារនៃការបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរ លុបបំបាត់ការរើសអើងជាតិសាសន៍ លើកកម្ពស់ការកសាងសន្តិភាព និងអភិវឌ្ឍជាតិតាមរយៈការបង្កើតឡើងនូវទស្សនៈជាតិនិយមត្រឹមត្រូវមួយ និងការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាងឡើងវិញ។ ជាចុងក្រោយនយោបាយឈ្នះ-ឈ្នះ ក៏ជាធម៌ខន្តី និងសិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតនៅក្នុងយុទ្ធសាស្រ្តបញ្ចប់សង្រ្គាមស៊ីវិល យុទ្ធសាស្រ្តប្រឆាំងនឹងសង្រ្គាមឈ្លប និងឧទ្ទាមកម្ម ដែលបានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការចាត់វិធានការបង្ការ និងបង្រ្កាបភាវរកម្ម។

ដោយសារតែយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមពីប្រតិបត្តិករដទៃទៀត បានធ្វើឱ្យមានធ្វើសមាហរណកម្មសង្គមជាតិខ្មែរតែមួយ ដោយការធានាបាននូវសុវត្ថិភាព សន្តិសុខ មុខរបរ និងកម្មសិទ្ធិទ្រព្យសម្បត្តិដែលធ្លាប់មានពីមុនមក។

• ហេតុអ្វីកម្ពុជាប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា»?

កម្ពុជានឹងប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីបង្ហាញពីភាពជោគជ័យ និងក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ទៅជាប្រទេសដែលមានសន្តិភាពពេញ និងការអភិវឌ្ឍជាតិគ្រប់វិស័យ ខណៈពេលពិភពលោកំពុងរងផលប៉ះពាល់ពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសង្រ្គាមនៅក្នុងតំបន់មួយចំនួនដូចជានៅអាហ្វ្រិក អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា។

ការធ្លាក់ចុះនៃស្ថិរភាពក្នុងតំបន់ គឺបង្កឡើងដោយការធ្លាក់ចុះនៃវប្បធម៌សន្ទនា ការរំលោភបំពានអំណាច ការរើសអើងជាតិសាសន៍និងសាសនា ការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលពីសំណាក់ប្រជាជន និងការលូកដៃចូលពីមហាអំណាចខាងក្រៅ ដែលកត្តាទាំងអស់នេះ គឺកំពុងកើតមានឡើងនៅអ៊ុយក្រែន ស៊ីរី មីយ៉ាន់ម៉ា បង់ក្លាដេស និងឧបទ្វីបកូរ៉េ យ៉េមេន និងបណ្តាប្រទេសជាច្រើននៅតាមអាហ្វ្រិកកណ្តាល ហើយក៏បានធ្វើឱ្យប្រទេសទាំងនោះបាត់បង់អធិបតេយ្យភាព រដ្ឋាភិបាលបាត់បង់អំណាច អស្ថិរភាពនិងអសន្តិសុខ វិនាសកម្មស្ទើរគ្រប់ទីកន្លែង ប្រជាជនរស់នៅដោយភាពភ័យខ្លាច និងប្រឈមមុខនឹងការបាត់បង់ជីវិតគ្រប់ពេលវេលា។ ដោយសារតែកម្ពុជាធ្លាប់ឆ្លងកាត់នូវវិនាសកម្មទាំងអស់នេះហើយ ទើបកម្ពុជាខិតខំកសាងសន្តិភាព ឱ្យក្លាយជាសម្បត្តិសាធារណៈ និងក្លាយជាអត្តសញ្ញាណនៃវប្បធម៌ រួមចំណែកភាពកត្តញូ និងសុខដុមនីយកម្ម។

 

កម្ពុជាបាននឹងកំពុងបំផុសបំផុលឱ្យមានការចូលរួម និងថែររក្សាការពារយ៉ាងដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងទឹកដីតែមួយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងលើកកម្ពស់គុណតម្លៃនយោបាយឈ្នះ-ឈ្នះ អធិបតេយ្យ និងបូរណភាពទឹកដី។

ប្រវត្តិសាស្រ្តយោធា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអ្នកជំនាន់ក្រោយបានយល់និងដឹងពីគ្រោះមហន្តរាយនៃសង្រ្កាមនៅកម្ពុជា ព្រោះថាប្រជាពលរដ្ឋខ្មែរធ្លាប់រងឥទ្ធិពលនិងធា្លក់ក្នុងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ហើយការកសាងតំបន់ប្រវត្តិសាស្រ្តយោធា គឺដើម្បីរក្សាបាននូវភាពពិតប្រាកដនៃសច្ចភាពប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ និងជាការអភិរក្សតឹកតាងប្រវត្តិសាស្រ្តយោធាដែលជាមរតកនៃនយោបាយឈ្នះ-ឈ្នះ និងដើម្បីអប់រំផ្សព្វផ្សាយដល់សាធារណៈជនជាតិនិងអន្តរជាតិសិក្សា ស្រាវជ្រាវ និងស្វែងយល់អំពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ។

អាទិភាពគោលនយោបាយការបរទេសរបស់កម្ពុជា គឺការរក្សាសន្តិភាព លើកកម្ពស់តួនាទីអន្តរជាតិ របស់កម្ពុជា និងសម្រេចបាននូវវឌ្ឍនភាពជាតិកាន់តែច្រើនថែមទៀត តាមរយៈការប្រើប្រាស់ឱកាសពីប្រព័ន្ធ អន្តរជាតិតាមរយៈការកំណត់ «គោលនយោបាយការបរទេសពហុមុខ»។ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថែររក្សាសន្តិភាពសកល ដែលបានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោម ១៩៣ប្រទេស ក្នុងបេសកកម្មថែររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងទ័ពមួកខៀវចំនួនជាង ៩៥៧០នាក់ ទៅកាន់ប្រទេសចំនួន១០ ដែលកំពុងញាំញីដោយសង្រ្គាម។

កម្ពុជាក៏បានចូលរួមជាមួយប្រទេសជាច្រើន ដែលបានឆ្នោតប្រឆាំងនឹងការវាយប្រហារលើអ៊ុយក្រែនពីរុស្សី និងទទូចឱ្យមានការចរចាសន្តិភាពរវាងភាគីជម្លោះទាំងពីរផងដែរ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាជួបប្រជុំជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុង លាំង និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះរបបយោធាមីយ៉ាន់ម៉ាបានយល់ព្រមបន្តបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ចុងឆ្នាំ២០២២។

កម្ពុជាក៏បាបអំពាវនាវដល់សមាជិកអាស៊ានទាំងអស់គាំទ្រដល់ការរៀបចំកិច្ចប្រជុំក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។ ដោយទទួលស្គាល់ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពក្នុងប្រទេស និងក្រៅប្រទេស គណៈកម្មាធិការពានរង្វាន់ «សន្តិភាពស៊ុនហាក់» បានជ្រើសរើសជើងឯកសន្តិភាពកម្ពុជា ឱ្យទទួលពានរង្វាន់ដ៏មានកិត្យានុភាពនៅក្នុងពិធីប្រគល់រង្វាន់នៅទីក្រុងសេអ៊ូលកាលពីខែកុម្ភៈ ឆ្នាំ២០២២។ សូម្បីតែសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចពិភពលោក ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាម ហើយនៅពេលថ្មីៗតាមរយៈយន្តការគណបក្សនយោបាយ និងយន្តការសភាអន្តរជាតិ សម្តេចតេជោ បានចែករំលែកនូវយុទ្ធសាស្ត្រជាច្រើន ដែលសម្តេចបានប្រើប្រាស់ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការពារសន្តិភាពជាតិ និងអន្តរជាតិ ក៏ដូចជាការយល់ដឹងដ៏មានតម្លៃរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ កាលពីថ្ងៃទី២១ ខែធ្នូ កម្ពុជាត្រូវជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មាធិការកសាងសន្តិភាព អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០២៥-២០២៦ ដែលនេះក៏ជាការបង្ហាញពីការទុកចិត្តពីសហគមន៍អន្តរជាតិលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការពង្រីកតួនាទីរបស់ខ្លួនក្នុងការទូតអន្តរជាតិ។

ដោយសារតែកត្តាសន្តិភាពនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆិតាចង់ប្រែក្លាយកម្ពុជាពីប្រទេសចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់២០៥០ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ក៏ត្រូវមានការចូលរួមពីប្រជាជនខ្មែរផងដែរ។ កម្ពុជាមានបំណងចង់លើកកម្ពស់អត្តសញ្ញាណសន្តិភាព និងគោលគំនិតសន្តិភាពសកលតាមរយៈការគោរពច្បាប់អន្តរជាតិ លើកកម្ពស់ការចរចាដោយសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកលតាមរយៈការចូលរួមពីស្ថាប័នអន្តរជាតិ និងស្មារតីពហុភាគីនិយម។ ដំណើរការកសាងសន្តិភាព និងសមិទ្ធផលរបស់កម្ពុជា គឺជារឿងជោគជ័យគួរជាទីមោទកៈសម្រាប់ប្រជាជនខ្មែរគ្រប់រូប និងត្រូវតែបន្តថែររក្សាបន្ថែមទៀត ជៀសវាងការជឿងប់ងល់លើអ្នកនយោបាយប្រជាភិថុ អុជអាល បោកប្រាស់ប្រជាជនតាមរយៈការយកប្រជាជនជាឈ្នាន់នយោបាយ និងអ្នកនយោបាយបំរើប្រយោជន៍បរទេស និងធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមជាថ្មី៕